ភ្នំពេញ ៖ សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់ ថៅកែក្រុមហ៊ុនចាស្មីន ត្រូវបានអគ្គិភ័យឆាបឆេះផ្នែកជាន់ខាងលើ ដោយសារទុស្សេខ្សែភ្លើង ហុយផ្សែងខ្មួលខ្មៅពេញអាកាស បង្កឲ្យភ្ញាក់ផ្អើល ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿងចេញទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសំណង់ភូមិគ្រឹះកំពុងសាងសង់ តាមផ្លូវបេតុងក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃខាងលើ កំពុងតែសាងសង់ របស់ថៅកែក្រុមហ៊ុនJasmine (JM) លក់ ផ្គត់ផ្គង់គ្រឿងសំណង់ ។

បើតាមប្រភពពីកម្មករបម្រើការងារនៅសំណង់ខាងលើ បានឲ្យដឹងថា នៅជាន់ផ្នែកខាងលើ មានក្រុមជាងកំពុងផ្សារដែក ខណៈដែលកំពុងធ្វើការងារ ស្រាប់តែទុស្សចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈ ក្នុងអគារ ហុយផ្សែងខ្មួលខ្មៅពេញអាកាស ។

ភ្លាមៗត្រូវបានបងប្អូនកម្មករយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនឈ្នះ ភ្លើងឆេះកាន់តែខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង រថយន្តរបស់ស្នងការក្រុងភ្នំពេញ ចំនួន៧គ្រឿង រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ ។

គ្រោះអគ្គិភ័យខាងលើ បណ្តាលឲ្យខូចខាត គ្រឿងបំពាក់ សម្ភារៈ ក្នុងភូមិភូមិគ្រឹះអស់មួយចំនួន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.