កន្លះ​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក លទ្ធផល​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់ អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់ កំពូលជើងឯក ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ថា​កីឡាករ ឃឹម បូរ៉ា ជា​ម្ចាស់​ជើង​ឯក។ ​

​នៅ​ម៉ោង​៨:៣០នាទី​យប់​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ ថ្មីៗនេះ សម្តេច​តេជោ មិន​បាន​បញ្ជាក់​ឱ្យ​ចំ​ពី​ការ​ប្រកួត​ណាមួយ​នោះ​ទេ ប៉ុន្តែ​គឺ​ចំ​សាច់រឿង​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​របស់​​ទូរទស្សន៍ CNC។ សម្តេច​សរសេរ​ថា៖«ដោយ​អត់​ទ្រាំ​មិន​បាន​ខ្ញុំសូម ចេញ​មក​និយាយក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ស្រឡាញ់​វិស័យ​កីឡា។ តើ​យើង​ត្រូវ​ពង្រឹង​អាជ្ញាកណ្តាល​កីឡា​ប្រដាល់​ឬ​ត្រូវ​បង្កើត​ក្បាច់​គុណ​ថ្មី​ដោយ​កំណត់​លក្ខខណ្ឌ​ប្រកួត​ថ្មី​ដោយ​វាយ​ខុស​ក្បួន​ហើយ​មិន​ព្រម​ប្រកាស​លទ្ធផល​និង​លើក​ពេល​ទៅ​ប្រកួត​នៅ​ពេល​ក្រោយ»។

«តើឱ្យ​កីឡា​ប្រដាល់​យើង​ឈាន​ទៅ​មុខ​ម្តេច​បាន​ បើ​សហព័ន្ធ​កីឡា​ប្រដាល់ យើង​ទុក​ឱកាស​ឱ្យ​អាជ្ញាកណ្ដាល​ធ្វើ​បែបនេះ?​ តើ​មាន​ក្បួន​មក​ពី​ណា​វាយ​ខុស​ក្បួន​ខ្នាត​ហើយ​សម្រេច​លើក​ពេល​ទៅ​ប្រកួត​ពេល​ក្រោយ​ សូម្បី​តែ​បាល់ទាត់​ បើ​ទាត់​ខុស​ត្រូវ​ពិន័យ​កាត​លឿង​ឬ​កាតក្រហម​ដោយ​ ដេញ​ចេញ​ឬ​ពិន័យ​បាល់​១១​ម៉ែត្រ​ភ្លាមៗ​ដោយ​ មិន​ទុកពេល​ឱ្យ​តវ៉ា​នោះទេ។ខ្ញុំ​មិន​បន្ទោស​កីឡាករ​ទេ​ព្រោះ​ពួក​គាត់​ស្តាប់​ តាម​ការ​កាត់​ក្តី​របស់​អាជ្ញាកណ្ដាល។ អ្វី​ដែល​ខ្ញុំ​សុំ​គឺ​អាជ្ញាកណ្ដាល​ត្រូវ​តែ​មាន​យុត្តិធម៌​ក្នុង​ខ្លួន»។ សម្តេច​តេជោ បន្ថែម។

ប្រហែល​កន្លះ​ម៉ោង​ក្រោយ​​មក​ នៅ​ម៉ោង​៩:០៨នាទី​យប់​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ ​ទូរទស្សន៍ CNC ដែល​ម្ចាស់​សង្វៀន​បាន​​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖«សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ រួម​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CNC សម្រេច​មិន​លើក​ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់ អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់ កំពូលជើងឯក ទេ ដោយ​ប្រគល់​ជ័យលាភី​ឲ្យ​ទៅ​ ឃីម បូរ៉ា»៕

Share.