ភ្នំពេញ ៖ ថៅកែលក់ដីឡូត៍ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនតាមដីការបស់តុលាការ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ ដើម្បីកសាងសំណុំរឿង រួចបញ្ជូនខ្លួនទៅកាន់តុលាការនាសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌសែនសុខ អនុវត្តន៍តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តាម មាត្រា១៨៨ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ លើសំណុំរឿងព្រហ្មទណ្ឌលេខ៩១៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលចោទប្រកាន់លើឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅតាមផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ «កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ មាត្រា ៣៦៤ មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ។

នគរបាលបន្តទៀតថា តាមដីកាបង្គាប់របស់តុលាការ សមត្ថកិច្ចចាប់ខ្លួនជនខាងលើបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពែញ ឲ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមច្បាប់ ទើបនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខប្រទះឃើញ ថៅកែដីឡូត៍ដ៏ល្បីឈ្មោះលោក គឹម ចាន់រតនា ក៏ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងរឿង រួចនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.