សៀមរាប ៖ បុរសចំណាស់ម្នាក់ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើផង និងជាគណៈកម្មការវត្តបន្ទាយជ័យផង ជួបនូវហេតុការណ៍ដ៏រន្ធត់ បន្ទាប់ពីឃើញសត្វក្រពើខាំគ្នា ឆ្លៀតយកឫស្សីទៅចាក់បំណងបំបែកឲ្យក្រពើចេញ ផ្ទុយទៅវិញសត្វក្រពើធំមួយក្បាលខាំទាញឫស្សី ធ្វើឲ្យរអិលក្រឡាច់ជើងធ្លាក់ម្ចាស់ចូលអាង ស្រាប់តែហ្វូងសត្វក្រពើព្រួតខាំម្ចាស់ បណ្តាលឲ្យស្លាប់ ទោះជាមានអ្នកជួយក៏មិនអាចរួចផុតជីវិតដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើល កើតហេតុកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅទល់មុខវត្តពោធិ៍ជ័យ ភូមិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ និងជាគណៈកម្មការវត្តពោធិ៍ជ័យ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមប្រភពបានឲ្យដឹងថា ជារៀងរាល់ព្រឹក ពេលភ្ញាក់ពីដំណេក ជនរងគ្រោះតែងតែដើរត្រួតពិនិត្យមើលសត្វក្រពើ ក្នុងអាង ដែលខ្លួនចិញ្ចឹម ហើយនៅព្រឹកថ្ងៃកើតហេតុនេះ ជនរងគ្រោះដើរតាមមាត់អាងមើលសត្វក្រពើ ដូចរាល់ដង ស្រាប់តែឃើញសត្វក្រពើ ខាំគ្នា ឃើញដូច្នោះ ជនរងគ្រោះដើរទៅទាញយកដើមឫស្សមកចាក់បំណងបំបែកក្រពើ ស្រាប់តែមានមួយក្បាលដ៏ធំខាំទាញឫស្សីគ្រវាត់ ធ្វើឲ្យជនរងគ្រោះទប់ខ្លួនមិនជាប់ ក៏រអិលក្រឡាច់ជើងធ្លាក់ពីមាត់អាងចុះទៅ ត្រូវបានហ្វូងសត្វក្រពើស្ទុះដេញខាំបោក ។

ប្រភពបន្តទៀតថា ធ្លាក់ភ្លាមៗជនរងគ្រោះស្រែកហៅឲ្យគេឯកជួយ តែពុំមានអ្នកនៅផ្ទះណាម្នាក់ឮ គាប់ជូនមានព្រះសង្ឃមួយអង្គ និមន្តតាមផ្លូវក្បែរនោះ ឮសូរសម្លេងជនរងគ្រោះស្រែកចេញពីក្នុងអាង ទើបឆោឡោ ហៅពលរដ្ឋ ព្រះសង្ឃ នាំគ្នាចុះជួយយកជនរងគ្រោះចេញពីអាង តែជាអកុសល ជនរងគ្រោះត្រូវបានសត្វក្រក្រពើខាំសុះសាច់ទៅហើយ បណ្តាលឲ្យបាត់ជីវិត ។

ក្រោយកើតហេតុ អ្នកភូមិ បានត្រឹមអាណិត សោកស្តាយ ហើយសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់សពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.