ប្រកួតក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន ក្នុងពានរង្វាន់ AFC Cup 2021 រវាងក្រុមវិសាខា ជាមួយក្រុម Lalenok United របស់ទីម័រខាងកើត នឹងប្រកួតក្នុងទឹកដីកណ្តាលគឺប្រទេសសិង្ហបុរី ព្រោះតែស្ថានភាពកូវីដ-១៩ មិនថមថយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tatoli ជាភាសា Tetum បានស្រង់សម្តីរបស់លោក Frederico Martins អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ប្រទេសទីម័រខាងកើត។

ក្បាលម៉ាស៊ីនរបស់សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត បានបន្ថែមថា៖«ក្រុម Lalenok United FC ដែលតំណាងឱ្យទីម័រខាងកើត នឹងត្រូវប្រកួតជាមួយក្រុមវិសាខា របស់កម្ពុជា ក្នុងខែមេសា ខាងមុខ នៅកីឡដ្ឋានជាតិរបស់សិង្ហបុរី។ ចំពោះក្រុម Lalenok United FC នឹងទទួលបានការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ជាច្រើនបូកទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ចំណែកការហោះហើរពីទីម័រខាងកើត ទៅសិង្ហបុរី គឺត្រូវពិភាក្សាគ្នាជាមួយក្លិបផ្សេងៗសិន»។
ប្រភពបន្តថាក្រុម Lalenok United FC និងក្រុម៥ផ្សេងទៀត នឹងទទួលបានថវិកាប្រមាណ៤ម៉ឺនដុល្លារអាមេរិក ពី AFC ដូចគ្នា ក្រោយទទួលបានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់នេះ ខណៈក្រុម៥ផ្សេងទៀតមានដូចជា វិសាខា របស់កម្ពុជា, Chanthabouly របស់ឡាវ, Kasuka របស់ប្រ៊ុយណេ, Hanthawady United របស់មីយ៉ាន់ម៉ា និង Persipura Jayapura របស់ឥណ្ឌូណេស៊ី។
ក្រុម Lalenok United FC ជាក្រុមតែមួយគត់ក្នុងប្រទេសទីម័រខាងកើត ដែលទទួលបានអាជ្ញាប័ណ្ណ AFC Club Licensing ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
អ្នកឈ្នះរវាងក្រុម វិសាខា ជាមួយក្រុម Lalenok United FC នឹងត្រូវឡើងទៅជួបក្រុមPersipura Jayapura របស់ឥណ្ឌូណេស៊ី ដើម្បីបន្តស្វែងរកអ្នកឈ្នះដណ្តើមកៅអីឡើងទៅលេងវគ្គចែកពូលក្នុងពូល H ដែលមានក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី, ក្រុម Lion City Sailors របស់សិង្ហបុរី និងក្រុម Saigon របស់វៀតណាម។ ពូលនេះត្រូវប្រកួតនៅសិង្ហបុរី។
អរគុណ ដល់លោក Hortencio Sanchez ដែលបានប្រែសម្រួលអត្ថបទនេះពីភាសា Tetum ទៅជាភាសាអង់គ្លេស ដល់ក្រុមការងារ«ត្រយង» យើង៕