អតីតខ្សែបម្រើរបស់ក្រុម FC Barcelona និងជម្រើសជាតិអេស្ប៉ាញ គឺកីឡាករ Andres Iniesta បានប្រកាសចេញពីក្លិបបាល់ទាត់ Vissel Kobe សមាជិកលីគកំពូលជប៉ុន បន្ទាប់ពីរយៈពេល៥ឆ្នាំនៅទឹកដី Noevir Stadium Kobe។

កីឡាករ​ដែល​ឈ្នះ​ពាន​ LaLiga ជាមួយ​ក្លិប​យក្ស FC Barcelona ចំនួន​​៩លើក​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Noevir Stadium Kobe កាល​ពី​ឆ្នាំ​២០១៨ ​ដែល​កាល​ណោះ​រូប​គេ​ទទួល​បាន​​ប្រាក់​កម្លាំង​ពលកម្ម​ប្រមាណ​៣០លាន​ដុល្លារ​អាមេរិក។

ក្រោយ​បង្ហាញ​ខ្លួន ១៣៣លើក​ជាមួយ​ក្លិប Vissel Kobe ខ្សែបម្រើជំនាញបញ្ជូនបាល់ខ្លីៗនៃទម្រង់លេង Tiki Taka ​ជួយ​ក្រុម​ឈ្នះ​ពាន​ Emperor’s Cup នៅ​ឆ្នាំ​២០១៩ ​និង​ឈ្នះ​ពាន Japanese Super Cup ឆ្នាំ​២០២០។ ខណ:កិច្ចសន្យារបស់ខ្សែបម្រើវ័យ ៣៩ឆ្នាំរូបនេះ នឹងផុតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

អំឡុងពេល Andres Iniesta លេងឱ្យក្រុមអ្នកមានបុណ្យ FC Barcelona ប្រទេសអេស្ប៉ាញ រយៈពេល២២ឆ្នាំ រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុមឈ្នះពានរង្វាន់រហូតដល់៣២គ្រឿង រួមទាំង UEFA Champions League ចំនួន៤ដង។ ដោយទ្បែកនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញវិញ Andres Iniesta ក៏ជួយឱ្យក្រុមគ្រងជើងឯក FIFA World Cup ឆ្នាំ ២០១០ និង Euro ចំនួន២ដង ចន្លោះពីឆ្នាំ២០០៨ និង២០១២៕

PARTIDO
Share.