កីឡាករ​វាយ​កូនបាល់​​លេខ១​ពិភពលោក ​Novak Djokovic ជនជាតិ​សែប៊ី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក Wimbledon នៅ​ប្រទេស​អង់គ្លេស វិញ្ញាសា​វាយ​ឯកត្តជន​បុរស ប្រចាំ​ឆ្នាំ​២០២១ នេះ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​Australian Open និង​French Open កាល​ពី​ពេល​ថ្មីៗនេះ។

កីឡាករ ​Novak Djokovic បាន​យក​ឈ្នះ​កីឡាករ Matteo Berrettini របស់​អ៊ីតាលី ដែល​ឈរ​លេខ​៧​ពិភពលោក ដោយ​លទ្ធផល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៦-៧,​៦-៤,​៦-៤,​៦-៣។ ដូច្នេះ​នេះ​ជា​លើក​ទី៦​ហើយ​ដែល​កីឡាករ​រូប​នេះ​ឈ្នះ​ជើង​ឯក​នៅ Wimbledon ក្រោយ​​​ឈ្នះ​លើ​ដំបូង​ឆ្នាំ​២០១១,​២០១៤,២០១៥,​២០១៨ និង​២០១៩។

បេសកកម្ម​បន្ទាប់​​របស់​កីឡាករ Novak Djokovic នឹង​ចូលរួម​ប្រកួត​នៅ​​កីឡា​អូឡាំពិក ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ និង​ពានរង្វាន់ US Open នៅសហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍​វាយ​កូន​បាល់ Wimbledon ជា ​Grand Slams​ ១​ក្នុង​ចំណោម​៤ លើ​លោក ដែលធំជាង​គេ ​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) French Open (បារាំង) និង US Open (នៅ​អាមេរិក)។ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​រៀបចំ​ពី​​ថ្ងៃ​ទី២៨​ខែ​មិថុនា ដល់​១១ ខែ​កក្កដា ឆ្នាំ​២០២១ លើ​ទីលានAll England Lawn Tennis and Croquet Clubក្នុង​ទីក្រុង​ឡុងដុង ដោយ​មាន​១៥​វិញ្ញាសា៕

Telegram-Troryorng
Share.