ស្វាយរៀង ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូបុកគ្នា ក្នុងដំណើរច្រាសទិស ម៉ូតូរងខូចខាតបាក់កង់មុខទាំង២គ្រឿង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ317B ស្ថិតនៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូ ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7269 ជិះដោយឈ្មោះ កាយ សុភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។ ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-6952 ជិះដោយឈ្មោះ ភើក វីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ សេរី២០១៥ ជិះល្បឿនលឿនពីជើងទៅត្បូង នៅគន្លងផ្លូវម្ខាងទៀត ដល់ចំណុចកើតហេតុ ជ្រុលបុកចំពីមុខម៉ូតូសេរី២០២២ កំពុងជិះច្រាសទិសគ្នា បណ្តាលឲ្យភាគីសងខាង ស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូរងខូចខាតបាក់កង់មុខទាំង២គ្រឿង ។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះរៀងខ្លួន រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.