ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក ដោយសារខឹងប្តីមានស្រី និយាយមិនស្តាប់ សម្រេចចិត្តលួចយកកាំភ្លើងរបស់ប្តីពីក្នុងរថយន្តបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង ៤៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរ មេផ្ទះ មានប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះចំណុចកើតហេតុ ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា រឿងរ៉ាវសង្គមគ្រួសារប្តីប្រពន្ធខាងលើ កើតមានយូរមកហើយ ឈ្លោះប្រកែកគ្នាញឹកញាប់ ដោយសារភាគីខាងប្រពន្ធ ចោទប្រកាន់លើភាគីខាងប្តី ថាមានស្រី និយាយមិនស្តាប់សោះ ធ្វើឲ្យស្ត្រីជាប្រពន្ធកើតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយកន្លងមកស្ត្រីរងគ្រោះប៉ុនប៉ងសម្លាប់ខ្លួនដោយចងកធ្វើអត្តឃាតម្តងហើយ តែមិនបានសម្រេច ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មុនកើតហេតុ ខណៈដែលប្តីងើបពីដំណេកចេញក្រៅមួយភ្លែត ស្រាប់តែប្រពន្ធក្រោកងើបដែរ ទៅលួចយកកាំភ្លើងខ្លីរបស់ប្តីដាក់នៅក្នុងរថយន្ត ចតមុខផ្ទះ យកចូលក្នុងបន្ទប់រួចខ្ទប់ផ្អឹបជាមួយខ្នើយបាញ់ខ្លួនឯងចំចំហៀងក្បាល បណ្តាលឲ្យស្លាប់ ផ្អើលកូនៗកំពុងដេកនៅបន្ទប់ក្បែរនោះ ឆោឡោ ផ្អើលទាំងសាច់ញាតិ អ្នកភូមិ មិននឹកស្មានដល់ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយយកកាំភ្លើងបាញ់ក្បាលខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.