ពីវេទិកាអធិបតីនៃពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញភាពរីករាយចំពោះលេខរៀងគណបក្សប្រជាជនកម្ពុជាលើសន្លឹកឆ្នោតដែលចាប់បានចំលេខ១៨។

សម្ដេចតេជោ បានមានប្រសាសន៍ថាពីដំបូងឡើយ សម្ដេចមិនបានដឹងព័ត៌មានស្ដីពីលទ្ធផលនៃការចាប់លំដាប់លេខរៀងគណបក្សនយោបាយនៅទីស្ដីការ គ.ជ.ប នោះទេ ដោយសារព្រឹកថ្ងៃទី២៩ ខែឧសភានោះ សម្ដេចជាប់ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចប្រទេសឥណ្ឌា ហើយពេលត្រឡប់មកដល់គេហដ្ឋានវិញសម្ដេចក៏ជាប់ដៃពិនិត្យ និងសម្រេចលើឯកសារមួយចំនួន។

គឺទើបតែដល់ពេលទទួលទានអាហារថ្ងៃត្រង់ជាមួយភរិយាឯណោះទេ ដែលសម្ដេចបានដឹងដំណឹងនេះ។ សម្ដេចបន្តថា«ទៅបាយស្រាប់តែគេបញ្ចាំងតាមទូរទស្សន៍ ស្រាប់តែភរិយាខ្ញុំព្រះករុណា ខ្ញុំ ថាបក្សលេខ១៨ហុងហ៊ុយល្អហ្មង៩គ្រាប់! ៩គ្រាប់ស៊ីសងតែអង្គ៣ទេ ប៉ុន្តែសំខាន់លើប្រជាពលរដ្ឋជ្រើសរើស»។ សម្ដេចបន្ថែមថាក្រៅពីលេខល្អ លេខ១៨នេះជាលេខចុងក្រោយដែលធ្វើឱ្យម្ចាស់ឆ្នោតងាយស្រួលរកទៀតផង។

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រារព្ធពិធីចាប់លំដាប់លេខរៀងគណបក្សនយោបាយ ក្រោមព្រះរាជាធិបតីភាពសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។ កាលពីនីតិកាលទី៧ គណបក្សប្រជាជនក៏ឈរលំដាប់លេខរៀងទី២០ចុងក្រោយគេដែរ៕

Share.