កីឡាការិនីឆ្នើមស្នូឃ័ររបស់កម្ពុជា ស្រួង ភាវី បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។ នេះ​បើយោង​តាម​ការ​បញ្ជាក់​នៅ​លើក​ទគព័រ​ហ្វេស​ផ្លូវ​ការ​របស់​កីឡាការិនី​រូប​នេះដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។​

កីឡាការិនីឆ្នើម ស្រួង ភាវី បាន​សរសេររៀបរាប់​ថា៖ «សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​! នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​»។

កីឡាការិនីឆ្នើមរូបនេះ​បន្ថែម​ថា៖ «ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡើយ​»។

ស្រួង ភាវី បញ្ជាក់ថា៖ «ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​។ ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង»។

​គួរបញ្ជាក់ថា កីឡាការិនីឆ្នើម ស្រួង ភាវី បាន​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ នៅកម្ពុជា និង​បានឈ្នះមេដាយមាសលើ​វិញ្ញាសាប៊ីយ៉ាការ៉ុប៣បាំង និងបានមេដាយសំរឹទ្ធលើ​វិញ្ញា​សាកា​រ៉ុម១បាំង៕

Share.