សិល្បៈជាតិ៖ រឿងរ៉ាវអាស្រូវដែលចោទថា ឪពុកគ្មានទំនួលខុសត្រូវចំពោះកូន មិនផ្ដល់លុយទំនុកបម្រុងកូន គ្មានទំនួលខុសត្រូវជាប្ដីនិងជាឪពុកនោះ ត្រូវបានគេមើលឃើញថា អ្នកសិល្បៈចាប់ផ្ដើមចេញមុខការពារ និងវែកញែកគ្នាជា ២សំឡេង។ ដោយមួយ ១សំឡេង និយាយការពារលោក ហ្សូណូ និង ១ សំឡេងទៀតបានលើកការពារចំពោះអ្នកនាង ចាន់ សុផានី ដែលត្រូវជាម្ដាយ។

ចម្រូងចម្រាស់រវាង ចាន់ សុផានី និងលោក ហ្សូណូ គឺនៅតែជាប្រធានបទក្ដៅដូចបាយកំពុងពុះដែលមហាជនអ្នកលេងបណ្ដាញសង្គមបន្តវែកញែកមិនឈប់ បើទោះបីជាតារាចម្រៀងប្រុសរូបនេះរកមេធាវីឱ្យជួយទប់ទល់ និងបង្ហាញភ័ស្ដុតាងខ្លះៗយ៉ាងណាក្ដី ក៏នៅតែទប់ការបកស្រាយចុះឡើងរបស់អ្នកនាង ចាន់ សុផានី មិនជាប់ដដែល។ រហូតដល់ថ្មីៗនេះ ក៏ឃើញមានការចេញបកស្រាយពីមាត់កូនស្រីផ្ទាល់ទៀតផង។

តាមការមើលឃើញ ភាគច្រើនអ្នកដឹកនាំសម្ដែង តារាចម្រៀងនៅផលិតកម្មហង្សមាស បាននិយាយលើកទឹកចិត្តដល់លោក ហ្សូណូ និងខ្លះនិយាយពីអត្តចរិតពិតរបស់លោកឱ្យមហាជនបានដឹង ដោយពួកគេបដិសេធទាំងស្រុងចំពោះពាក្យសម្ដីរបស់អ្នកនាងចាន់​ សុផានី។ លោក ខាំភូរិ ៖ «……ខ្ញុំធ្លាប់ជួបនូវហេតុការណ៍នៃការតាមរំខាន​ បង្ខូចកេរ្តិ៍ពីប្អូនស្រីផានីមកលេីគាត់​ តែគាត់ពុំដែលតបតវិញឡេីយ។ មិនមានការសង្ស័យឡេីយនៃអត្តចរិតទទួលខុសត្រូវរបស់គាត់​ អ្នករួមការងារទាំងអស់នៅក្រុមហ៊ុនសុទ្ធតែជាសាក្សីដែលបញ្ជាក់រឿងទាំងនេះបាន។»។ រីឯលោក កៅ សីហា វិញ ក៏អះអាងថានឹងធ្វើសាក្សីរស់ឱ្យលោក ហ្សូណូ ដើម្បីការពារភាពស្អាតស្អំផងដែរ។

នៅពេលដែលមានអ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈមួយចំនួនការពារលោក ហ្សូណូ ក្នុងនោះក៏មានតារាសម្ដែងស្រី ឌុច លីដា ចេញមកការពារចំពោះភាគីជាម្ដាយ។ អ្នកនាង ឌុច លីដា ក៏បានបង្ហាញអារម្មណ៍យល់ចិត្តទៅកាន់អ្នកនាង ចាន់ សុផានី ដែលជាស្ត្រីមេម៉ាយហើយត្រូវរ៉ាប់រងមើលថែកូនស្រិតែម្នាក់ឯង។ ឌុច លីដា ៖ «…មែនគាត់ពិតជាពិបាកមែន!ហើយបានជាគាត់ចេញមកសុំជំនួយពីឳពុកកូនរបស់គាត់តែម្នាក់ ដែលគាត់ពីរនាក់ម្តាយកូនតស៊ូចិញ្ចឹមមើលថែកូនឱ្យរៀនបានកម្រិតល្អ សាលាល្អ សួរថាម្តាយណាមិនតស៊ូ? បើកូនខ្លួនរៀនពូកែ ទើបសុខចិត្តថោកទាបចេញមុខមកសុំជំនួយពីឪពុកកូនគាត់…..»។

តែយ៉ាងណាមិញ លោក គួច ខេវិន ដែលជា​​អតីតអគ្គនាយករងទូរទស្សន៍ CTN,SEA TV និង ETV បានលើកឡើងចំពោះករណីរបស់លោក ហ្សូណូ និងអ្នកនាង ចាន់ សុផានី ថា៖ «…បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក (ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ) បើយកសព្វរឿង​មក​ប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត….»។

រីឯការបកស្រាយរបស់កូនស្រីអ្នកនាង ចាន់ សុផានី និងលោក ហ្សូណូ វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមចាត់ទុកថា អ្នកការបង្គាប់របស់ម្ដាយទៅវិញ ដោយពួកគេសំអាងលើហេតុផលថា កូនក្មេងប្រៀបបីដូចជាក្រដាសសដែលគេអាចគូរូបភាពបែបណាក៏បាន។ លោក គួច ខេវិន ៖ «ជាម្ដាយប្រហែលជាមានមោទនភាពលើខ្លួនឯងណាស់! ដែលអង្គុយបង្គាប់កូនស្រីឲ្យនិយាយបន្ទោសលះលះលេីឪពុករបស់ខ្លួនបានល្អ!!!»។

ប៉ុន្តែសម្រាប់អ្នកនាងអ្នកនាង ចាន់ សុផានី វិញក៏បានទទូចសុំមហាជនកុំជេរបន្ទោសអ្នកនាងទៀត ដោយអ្នកនាងអះអាងថាទំនាក់ទំនងរវាងអ្នកទាំងពីរបានបញ្ចប់ហើយ និងបានបន្សល់តែការឈឺចាប់តែប៉ុណ្ណោះ។ ហើយអ្នកនាងចង់រកផ្លូវច្បាប់ឱ្យជួយអន្តរាគមន៍បែបនេះ ក៏ព្រោះតែចង់ឱ្យលោក ហ្សូណូ ជួយចិញ្ចឹមនិងទំនុកបម្រុងកូនស្រីបន្ត ដោយហេតុតែជីវភាពរបស់អ្នកនាងនៅពេលនេះកំពុងតែដុនដាប។

មែនទែនទៅ ដូចពាក្យចាស់លោកពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះ​អ្នកនោះ ហើយអ្នកដែលច្បាស់ក្នុងរឿងនេះ គឺមានតែលោក ហ្សូណូ និងអ្នក ចាន់ សុផានី តែប៉ុណ្ណោះ។ រឿងនេះអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធរឿងនេះ ឈប់បន្តហែកហួរគ្នានៅលើបណ្ដាញសង្គមតទៅទៀតទៅ ព្រោះពួកគេមើលឃើញថា មានអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀតនោះ បានលើកយកកូនស្រីរបស់អ្នកទាំងពីរមកធ្វើជាផ្ទាំងស៊ីបក្នុងការរិះគន់ ដែលប្រការនេះមិនមែនជារឿងល្អទេសម្រាប់អនាគតរបស់ក្មេង។

យ៉ាងណាមិញ រឿងចម្រូងសម្រាស់របស់ហ្សូណូ និងអ្នកនាង ចាន់ សុផានី បើឡើងទៅរកផ្លូវច្បាប់ នោះគឺមានតែតុលាការប៉ុណ្ណោះជាអ្នកសម្រេច។ ដូច្នោះយើងនឹងរងចាំតាមដានបន្តទៀតថា តើលិទ្ធផលនឹងទៅជាយ៉ាងណា?

Share.