សិល្បៈជាតិ៖ វណ្ណកម្មភាពយន្ត EAC ដែលប្រមូលផ្ដុំកំពូលតារាល្បីៗទាំង ៤ ប្រទេសរួមមាន កម្ពុជា ថៃ ភូមា និងរៀតណាម កំពុងតែបើកកាមេរ៉ាថតនៅក្នុងប្រទេសកម្ពុជាហើយ។ ភាពយន្តនោះមានចំណងជើងថា «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលជាភាពយន្តបែបស្នេហាកំប្លែងសើចចុកពោះរបស់ផលិតកម្ម LD។

នៅក្នុងភាពយន្តនេះ មានតួឯប្រុសស្រីគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 លោក ខាត់ វ៉ៃហាំង កំពូលតារាឯកប្រុសសាកថ្ម លោក ទេព រិនដារ៉ូ កំពូលតារាសម្ដែងជើងចាស់ប្រចាំប្រទេសកម្ពុជា និង Paing Takhon កំពូលបុរសសង្ហាដាច់គេលើពិភពលោកដែលមកពីប្រទេសមីយ៉ាម៉ា។

ក្រៅពីនោះ ភាពយន្តកម្ពុជាដែលចំណាយដើមទុនខ្ទង់លានដុល្លារមួយនេះ ក៏បានអញ្ជើញកំពូលតារាកំប្លែងប្រចាំប្រទេសថៃពីរដួងទៀតមកចូលរួមសម្ដែង គឺអ្នកនាង Tukky Sudarat ឬគ្រប់គ្នាស្គាល់ថាជាអ្នកគ្រូ ផេនស៊ី និងលោក Kohtee Aramboy ឬជាតួកំប្លែងឈ្មោះ ផេនខេក ក្នុងរឿងខ្មោចត្រឡោកបែក។

បើតាមការបង្ហើបពីក្រុមការងាររបស់ផលិតកម្ម LD បានឱ្យដឹងថា កំពូលតារាកំប្លែងស្រី Tukky Sudarat នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ។ ប៉ុន្តែចំពោះលោក Kohtee វិញ នៅមិនទាន់ច្បាស់កាលវិភាគនៅឡើយទេ។

គួរដឹងបន្ថែមទៀតថា កំពូលតារាឯកស្រីដែលមកពីប្រទេសវៀតណាមគឺមានឈ្មោះថា Nguyễn Kiều Trinh ក៏បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ៣០ ខែឧសភា (ម្សិលមិញនេះ) និងបានចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ ផងដែរ។

ជាការមើលឃើញ សមិទ្ធផលដ៏ធំមួយនេះបានសបញ្ជាក់ឱ្យឃើញថា ជាការបើកផ្លូវឱ្យកម្ពុជានាំភាពយន្តរបស់ខ្លួនចូលក្នុងទីផ្សារភាពយន្តអន្តរជាតិហើយ ទាំងគុណភាព និងកម្រិតស្ដង់ដារភាពយន្តដែលទទួលស្គាល់ដោយអន្តរជាតិ។ ហើយភាពយន្តនេះអាចនឹងគ្រោងបញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសទាំង ៤ ដែលមានតារារបស់ខ្លួនមកចូលរួមសម្ដែង។ តែយ៉ាងណាមិញ ត្រយង នឹងសុំការបញ្ជាក់បន្ថែមឱ្យច្បាស់ទៀតពីអ្នកគ្រប់គ្រងការផលិតនៅក្នុងផលិតកម្ម LD ពេលខាងមុខទៀត៕

Share.