យោងតាមការបញ្ជាក់របស់លោក Christophe Galtier គ្រូបង្វឹករបស់ក្លិបបាល់ទាត់ Paris Saint-Germain FC បានឲ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi នឹងចាកចេញពីទឹកដី Parc des Princes ក្រោយចប់រដូវកាល ២០២២-២៣ នៅចុងសប្តាហ៍នេះ។

ការប្រកួតចុងក្រោយរបស់ Messi ឲ្យក្រុមបាល់ទាត់ PSG នឹងត្រូវជួបជាមួយ Clermont Foot នៅថ្ងៃទី៤ ខែមិថុនា វេលាម៉ោង ២:០០រំលងអធ្រាត្រ សប្តាហ៍ទី៣៨ នៃក្របខណ្ឌកំពូលបារាំង Ligue 1។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi បានចូលរួមជាមួយ Paris Saint-Germain ​ ​នៅទីក្រុង​បារីស ប្រទេស​បារាំង ដំបូងក្នុងឆ្នាំ​២០២១ ដោយ​ពាក់​អាវ​លេខ​៣០ បន្ទាប់​ពី​ចាកចេញ​ពី​ទីក្រុង​ Barcelona របស់​អេស្ប៉ាញ។

នេះ​ជា​កា​ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ ជា​លើក​ដំបូង​របស់ Messi ក្រោយ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្រុម Barcelona តាំង​ពីឆ្នាំ​​២០០០ ក្នុង​នាម​ជា​យុវជន​ថ្នាល​មក។ រូប​គេ​បាន​ចុះ​កិច្ចសន្យា​រយៈ​ពេល​២ឆ្នាំ​នៅ​ក្រុម​ PSG ក្នុង​តម្លៃ​ពលកម្ម​៣៥​លាន​អឺរ៉ូ ក្នុង​១ឆ្នាំ (ប្រហែល​៤០​លាន​ដុល្លារ​អាមេរិក)។

បច្ចុប្បន្នមានក្រុមបាល់ទាត់ចំនួន២ កំពុងរង់ចាំទទួល Messi ពោលគឺផ្ទះចាស់ FC Barcelona របស់អេស្ប៉ាញ ដែលកំពុងមានបញ្ហាផ្នែក​ហិរញ្ញវត្ថុ​ ខណ:អ្នកមាន Al Hilal របស់អារ៉ាប៊ីសាអូឌីត ហ៊ានផ្តល់ថវិកា ១ឆ្នាំ ៣០០លានអឺរ៉ូឯណោះ៕

Share.