នៅព្រឹកថ្ងៃទី៥ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match”៖

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចាយពេល៥៣២ថ្ងៃ ដើម្បីអាចវិលចូលក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ បន្ទាប់ពីរបួសដាច់សសៃជង្គង់ ACL ខាងស្ដាំ ខណ:ការបង្ហាញខ្លួនលើកចុងក្រោយនៅពេល កម្ពុជា ចាញ់វៀតណាម ក្នុងលទ្ធផល ៤-០ ពានរង្វាន់ AFF Suzuki Cup កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី។

នេះ​គឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២។

មុនប៉ះគ្នាក្នុងជំនួបមិត្តភាព​អន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ (FIFA Day ) ខាងមុខ​នេះ ក្រុម​ទាំង​២ធ្លាប់​ប៉ះម្ដង ក្នុង​ជំនួបមិត្តភាព​អន្តរជាតិ​ដែរ កាលពីខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ ដោយ​លទ្ធផល​កាល​នោះកម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ១-០៕

Share.