​សិល្បៈ​អន្តរជាតិ​៖ នៅ​ក្នុង​ឱកាស​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៃ​កម្មវិធី​ «Showterview» រួម​ជាមួយ​នឹង​ Joy នៃ​ក្រុម​​​ Red Velvet តារា​ចម្រៀង​ Jessi បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​គ្រប់​គ្រង​របស់​ផលិត​កម្ម​ SM និង​ផលិត​កម្ម​​ P Nation។

ទាំង​ Joy និង​ Jessi ទាំង​ពីរ​នាក់​បាន​ចូលរួម​ជា​កិត្តិយស​នៅ​ក្នុង​កម្មវិធី​តែមួយ​ ស្រាប់​តែ​ Jessi បាន​កត់​សម្គាល់​ឃើញ​ភ្លាម​ៗ​​ពី​ភាព​ខុស​គ្នា​​​​​រវាង​ក្រុម​ហ៊ុន​ចម្រៀង​ទាំង​ពីរ​​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​តារា​ចម្រៀង​។ ​Joy គឺជា​តារា​ចម្រៀង​ស្ថិត​ក្រោម​ SM Entertainment ចំណែក​ Jessi នៅ​​​ក្នុង​ផលិតកម្ម​ P NATION របស់​ PSY។

អ្វី​ដែល​ Jessi ចាប់​អារម្មណ៍​​នោះ​គឺ​ Joy មាន​ក្រុម​ការងារ​មក​ពី​ខាង​ផលិតកម្ម​ចាំ​តាម​ដាន​គ្រប់​សកម្មភាព​ថា​នាង​កំពុង​តែ​ធ្វើ​អ្វី​ខ្លះ​ ដោយ​ Jessi បាន​និយាយ​បែប​កំប្លែង​ថា ក្រុម​ការងារ​បាន​បន្ត​សរសេរ​​ប្រាប់​ Joy គ្រប់​រឿង​ដូច​ជា​ «Joy និយាយ​បែប​នេះ​» ឬ «Joy រៀប​នឹង​សម្រក់​ទឹក​ភ្នែក​»។ល។

គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ក្រុមហ៊ុន​ SM Entertainment គឺជា​ផលិតកម្ម​ដែល​មាន​គោលការណ៍​តឹងរឹង​ចំពោះ​រូបភាព​​​ខាង​ក្រៅ​របស់​តារា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ ផ្ទុយ​ទៅវិញ​អ្នក​គាំទ្រ​ជឿ​ថា​ P Nation ផ្ដល់​សេរីភាព​ចំពោះ​តារា​របស់​ខ្លួន​ច្រើន​ជាង​ផលិតកម្ម​ផ្សេងៗ​ទៀត​។

ទោះ​ជា​ Jessi មិន​ដែល​ធ្លាប់​ចុះ​កុង​ត្រា​​ក្រោមផលិតកម្ម​ SM Entertainment ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ​ពិត​ជា​ចង់​ចូលរួម​ក្នុងផលិតកម្ម​នេះ​ណាស់​ ព្រោះ​ពី​អតីត​កាល​នាង​ធ្លាប់​ Audition ក្នុង​ផលិត​កម្ម​ SM ហើយ​ថែម​ទាំង​ឆ្លង​ផុត​ជាប់​ Audition ទៀត​​។ កា​ល​ពី​ឆ្នាំ ​២០២២ ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម​ P Nation នាង​ Jessi បាន​ចុះ​ហត្ថលេខា​ចូលរួម​រស់​ជាមួយ​នឹង​ផលិតកម្ម​របស់​តារា​ចម្រៀង​ Jay Park ផលិតកម្ម​ More Vision ​ក្នុង​ឆ្នាំ​២០២៣​ នេះ​៕

ប្រភព៖ បរទេស

Share.