សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរដល់ការបើកព្រឹត្តិការណ៍ កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មាន​ទស្ស​នីយ​ភាព​មិន​ចាញ់​ពិធីបើក​ស៊ី​ហ្គេម​កន្លង​ទៅនោះទេ។​ សម្ដេច លើកឡើងដូចនេះក្នុងពិធី​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា៖ «កេរ្តិ៍ឈ្មោះ​នៃការរៀប​ចំព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹង​បន្សល់​ទុក​រាប់​រយ​ឆ្នាំ​ដល់​កូន​ចៅ​ជំនាន់ក្រោយ​ ហើយព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ»។​

សម្តេចតេជោក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏​នៅ​តែ​ជា​កីឡា យើងមិនត្រូវបាក់ទឹកចិត្តនោះទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​តំណាង​ឲ្យ​ប្រជាជន​១៧លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះ​អ្វី​ដែល​សំខាន់​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។

សម្តេចតេជោ ក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានដែលបានបញ្ជូនកីឡាករ កីឡា​ការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ សម្តេច​តេជោសង្ឃឹមថា នៅក្នុងក្របខណ្ឌអាស៊ាននាពេលអនាគត ប្រទេស​អាស៊ាន​នឹងអាច​សហការ​គ្នាក្នុងការដេញថ្លៃយកការប្រកួតកីព្រឹត្តិការណ៍កីឡាអូឡាំពិក និងពិភពលោក។

សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងជាគំនិតជាមួយមេដឹកនាំអាស៊ាន ក្នុង​ការ​រៀប​ចំឱ្យ​មាន​ក្រុម​បាល់​ទាត់​អាស៊ាន​ ដែលមានកីឡាកររួមគ្នាមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បី​ចូល​រួម​ក្នុងការប្រកួតកម្រិតពិភពលោកផងដែរ។

គួរបញ្ជាក់ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់​ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់(ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)៕

Share.