សិល្បៈ​ជាតិ​៖ ក្រោយ​ពី​មាន​ការ​ទទូច​ចង់​ឃើញ​កំពូល​តារា​ចម្រៀង​ Rap លំដាប់​ឈាន​មុខ​គេ​របស់​កម្ពុជា​ ងួន ចាន់ដេវីត​ ហៅ​ G-Devith ​នឹង​លើក​យក​បទ​ចម្រៀង «មហានគរ» ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​​តែ​មិន​អាច​ទៅ​រួច​ទី​បំផុត​ ក្ដី​ស្រមៃ​របស់​អ្នក​គាំទ្រ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ព្រោះ​បទ​ចម្រៀង​ដ៏​ល្បី​របស់​ G-Devith នឹង​ត្រូវច្រៀង​និង​សម្ដែង​ក្នុង​ជំនួប​បាល់ទាត់​រវាង​កម្ពុជា​និង​ប្រទេស​បង់ក្លាដេស​ នៅ​សប្ដាហ៍​ក្រោយ​នេះ​។

សូមអាន៖ «មហានគរ» កក្រើក​ដូច​ផ្គរលាន់​ ចំនួន​ Views កើន​​ជិត២លានដង Youtubers Reaction ព្រោងព្រាត

យោង​តាម​ការ​ប្រកាស​ពីផេក​ផ្លូវ​ការ​របស់​ G-Devith បាន​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០២៣​ ខាង​មុខ​នេះ​ ក្នុង​ការ​ប្រកួត​បាល់ទាត់​រវាង​ប្រទេស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ប៉ះក្រុម​ភ្ញៀវ​ប្រទេស​បង់​ក្លាដេស​ នៅ​វិមា​ន​ពហុកីឡដ្ឋាន​ជាតិ​ វេលា​ ១៩.០០យប់​(៧យប់) បទ​ចម្រៀង​ដ៏​​​ពេញ​និយម​​ «មហានគរ(यशोधरपुर Yaśōdharapura)» នឹង​ត្រូវ​លើក​យក​មក​ច្រៀង​​និង​​សម្ដែង​​នា​ឱកាស​នោះ​ដែរ​។

ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​សម្ដែង​ការ​អបអរសាទរ​ យ៉ាង​ក្រៃលែង ដែល​ក្ដី​ស្រមៃ​របស់​ពួក​ខ្លួន​បាន​សម្រេច​ជោគជ័យ​ក្រោយ​ទន្ទឹង​ និង​បន់​ស្រន់​ចង់​ឃើញ​បទ​ចម្រៀង​ដែល​លើក​ស្ទួយ​សិល្បៈ​វប្បធម៌ អារ្យធម៌ របស់​ដូន​តា​ខ្មែរ​មួយ​នេះ​ អាច​បង្ហាញ​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដែល​មាន​អ្នក​ចូលរួម​ច្រើន​កុះ​ករ​៕

Share.