Taylor Swift តារា​ចម្រៀង​ល្បី​ ដែល​ទើប​តែ​បើក​ចិត្ត​សិក្សា​គ្នា​ជាមួយ​​នឹង​ Matty Healy ​មួយ​រយៈ​ខ្លី​ ប៉ុន្តែ​នៅ​ពេល​នេះ​​ស្នេហា​របស់​អ្នក​ទាំង​ពីរ​បាន​ដើរ​មក​ដល់​ផ្លូវ​​បែក​បាក់។ នេះ​បើ​តាម​ផ្សាយ​របស់​សារព័ត៌មាន​ TMZ។​

យោង​តាម​ការ​ឱ្យ​ដឹង​ពី​​ប្រភព​ខាង​ក្នុង​បាន​​ទម្លាយ​ថា​មក​ដល់​ពេល​នេះ​​បេះដូង​របស់​ Taylor បាន​ត្រលប់​មក​ទំនេរ​ម្ដង​ទៀត​ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ជាក់​លាក់​ពី​ការ​បែកបាក់​របស់​អ្នក​ទាំងពីរ​ក្ដី​។

សូមអាន៖ បុរស​​​ជា​បុគ្គលិកផ្នែក​គណនេយ្យ​ម្នាក់​សុខចិត្ត​​ដាក់​ពាក្យ​ធ្វើ​​សន្តិសុខ​​ដើម្បី​បាន​មើល​ខនសឺត​ ​Taylor Swift សម្ដែង Free

នៅ​ក្នុង​ទំនាក់ទំនង​ដ៏​ខ្លី​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ Matty បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ដែង​ខនសឺត​របស់​ Taylor រហូត​ដល់​ទៅ​៣ដង ពោល​គឺ​នៅ​ក្រោយ​ពី​ដំណឹង​បែក​បាក់​រវាង​ Taylor និង​អតីត​សង្សារ​ Joe Alwyn ដែល​សេពគប់​គ្នា​រយៈ​ពេល​៦​ឆ្នាំ​។

អ្នក​តាម​ដាន​បាន​សង្កេត​ឃើញ​ Matty និង​ Taylor កម្រ​បែក​គ្នា​ណាស់​ ប្រសិន​បើ​មិន​មាន​កម្ម​វិធី​សម្ដែង​ណា​នោះ​ទេ​ អ្នក​ទាំងពីរ​រមែង​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​នៅ​ NYC (New York City) ដោយ​មាន​ទាំង​ការ​ណាត់​ជួប​ជុំ​មិត្ត​ភក្ដិ​របស់​ខាង​ស្រី​ ក៏​ដូច​ជា​ទៅ​ស្ទីតយ៉ូ​ ថត​សំឡេង​ជា​ដើម​។

រឿងរ៉ាវ​របស់​អ្នក​ទាំង​ពីរ​មាន​អ្នក​ចេញ​មក​ទម្លាយ​ថា​គេ​ឃើញ​ Matty បាន​វេច​ខោអាវ​ទៅ​រស់​នៅ​ជាមួយ​នឹង​ Taylor ថែម​ទាំង​បាន​​ជួប​ឪពុក​របស់​ខាង​ស្រី​ក្នុង​ខណៈ​នាង​កំពុង​ដើរ​ Tour Concert Eras ផង​ដែរ​។

ថ្វី​ត្បិត​អ្នក​ទាំង​ពីរ​ទើប​តែ​ចាប់​ផ្ដើម​ស្វែង​យល់ចិត្ត​គ្នា​មួយ​រយៈ​ខ្លី​ ប៉ុន្តែ​តារា​ទាំង​ពីរ​ដួង​នេះ​បាន​ស្គាល់​គ្នា​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ពោល​គឺ​ចាប់​តាំង​ពី​នាង​បាន​ចូលរួម​សម្ដែង​កិត្តិយស​ក្នុង​ក្រុម​ចម្រៀង​ The 1975 របស់​ Matty។ ការ​ដែល​អ្នក​​គាំទ្រ​ចាប់​ផ្ដើម​សង្ស័យ​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ព្រោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥​មក​ គេ​មិន​ដែល​ឃើញ​អ្នក​ទាំងពីរ​ចេញ​ក្រៅ​ញ៉ាំអាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ទៀត​នោះ​ទេ​។

សម្រាប់​រឿង​ស្នេហា​អ្នក​ទាំងពីរ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​លាស់​ថា​បាន​បែក​គ្នា​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ឡើយ​ គ្រាន់​តែ​មាន​តម្រុយ​ខ្លះ​ៗ​នៅពេល​ដែល​ក្រុម​ The 1975 បាន​សម្ដែង​នៅ​ក្នុង​ប្រទេស​ ដាណឺម៉ាក កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ដោយ​​នៅ​ក្នុង​អំឡុង​ Concert នា​ចុង​សប្ដាហ៍​កន្លង​ទៅ​លោក​បាន​​និយាយ​ពី​រឿង​​បេះដូង​ទំនេរ និង​​កំពុង​ស្វែង​រក​អ្នក​មក​មើល​ថែបេះដូង​ ខណៈ​ដែល​ Taylor ក៏​ដូច​គ្នា​៕

ប្រភព៖ TMZ

Share.