ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ គ្រាដែលជិះម៉ូតូខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ខ្យល់ ចៃដន្យស្រាប់តែដើឈើនៅតាមផ្លូវបាក់រលំបោកលើចំក្បាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង ត្រង់ចំណុចក្បែវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ ធ្វើឲ្យដើមឈើរបស់សាលារាជធានីភ្នំពេញ នៅតាមផ្លូវ ចំណុចខាងលើបាក់រលើង រលំបោកប៉ះលើ នារីម្នាក់ អាយុជាង២០ឆ្នាំ កំពុងជិះម៉ូតូតាមផ្លូវ ពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ ត្រូវបានកម្លាំងអាជ្ញាធរ ចុះទៅកាត់ដើមឈើនោះយកចេញពីផ្លូវ ដើម្បីសម្រួលចរាចរ ជៀសវាងកកស្ទះ ។ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.