កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនាំចូលកីឡាករ Williams Trey អតីតយុវជនរបស់ Queen Park Rangers នៃក្របខណ្ឌ (English League Championship) ជនជាតិអង់គ្លេស ត្រៀមសម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤។

ក្នុងនោះកីឡាករ Trey Williams បានថ្លែងអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយចូលរួមជាមួយអង្គរថាយហ្គឺរ៖«ពេលខ្ញុំមកដល់សៀមរាបដំបូង ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានមកដល់ទីនេះ មនុស្សដែលរស់នៅទីនេះគឺគួរឱ្យស្រលាញ់ណាស់ និងថែមទាំងស្វាគមន៍ ហើយវាដូចជាទីក្រុងដ៏ស្រស់ស្អាតដែលមានអ្វីៗជាច្រើនសម្រាប់ខ្ញុំ»។

កីឡាកររូបនេះបន្តថា៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការត្រលប់ទៅក្នុងបរិយាកាសពេញម៉ោងដ៏ល្អមួយ ដែលខ្ញុំអាចបង្ហាញពីទេពកោសល្យរបស់ខ្ញុំ និងក្លាយជាកីឡាករល្អបំផុតដែលខ្ញុំអាចធ្វើបាន នៅពេលដែលភ្នាក់ងាររបស់ខ្ញុំបានប្រាប់ខ្ញុំថា អង្គរថាយហ្គឺរ ចាប់អារម្មណ៍ ខ្ញុំពិតជារំភើបណាស់»។

Williams Trey ក៏ធ្លាប់ប្រកបអាជីពនៅក្លិប New York Cosmo B (National Premier Soccer League) របស់អាមេរិក បន្ទាប់មកក៏បានផ្លាស់ប្តូរមកអង់គ្លេសវិញហើយចុងក្រោយក៏ផ្លាស់ទៅលេងនៅក្លិប Campbelltown (NPL South Australia) របស់អូស្រ្តាលី មុនផ្លាស់មកកាន់អង្គរថាយហ្គឺរ។

បច្ចុប្បន្នអង្គរថាយហ្គឺរ មានកីឡាករបរទេស៣នាក់ហើយ ដូចជា៖ Williams Trey ជនជាតិអង់គ្លេស, កីឡាករអេស្ប៉ាញ Victor Blasco អតីតសមាជិករបស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ Shodai Nishikawa ជនជាតិជប៉ុន៕

Share.