នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ក្នុងន័យនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់ឱ្យបានដឹងថា ចំពោះប័ណ្ណចូលទស្សនា និងប័ណ្ណរថយន្ត អាចប្រើប្រាស់ឡើងវិញនូវប័ណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេលពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក។

ទន្ទឹមគ្នានេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏សូមអញ្ជើញអ្នកចូលរួមមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅវេលាម៉ោង ១៦:០០ នាទីរសៀល ដោយរក្សាទីតាំងកន្លែងអង្គុយដូចដែលមានកំណត់ក្នុងប័ណ្ណទស្សនារួចហើយ។

គួរដឹងថាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន១៤ប្រភេទ រួមមានកីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់ (ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន ១១ប្រទេសដដែល ប៉ុន្តែប្រកួតប្រជែង ចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

Share.