កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់ឡាវ Lao Football Federation បានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្គោល លោក Michael Weiss ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា។

ក្រោយចាកចេញពីឡាវ ពេលនេះសហព័ន្ធបាល់ទាត់ហ្វីលីពីន The Philippine Football Federation បានប្រកាសតែងតាំងលោក Michael Weiss ជាគ្រូបង្គោលថ្មី ដើម្បីជំនួសកៅអីលោក Josep Ferré។

ឡើងកាន់តំណែងជាគ្រូបង្គោលហ្វីលីពីនភ្លាមលោក Michael Weiss បានកោះហៅកីឡាករសរុប ២៦នាក់ ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ​នេប៉ាល់ និង​ចិន​តៃប៉ិ នៅថ្ងៃ FIFA Day ខាងមុខ។

លោក Michael Weiss ជនជាតិអាល្លឺម៉ង់ វ័យ៥៨ឆ្នាំ ចូលកាន់់តំណែងជាគ្រូបង្វឹកឡាវ ដំបូងនៅឆ្នាំ ២០២២ ដឹកនាំទាំងឈុតធំ, U23 និង U19។

ខណ: ៤ប្រកួតចុងក្រោយរបស់លោក Michael Weiss សម្រាប់ឈុត U23 ឡាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺស្មើ១ និងចាញ់៣ មាន១ពិន្ទុ ស្ថិតនៅលេខ៤ ធ្លាក់ត្រឹមវគ្គចែកពូល។

ដោយឡែកស្នាដៃសំខាន់របស់លោក Michael Weiss គឺជួយឲ្យក្រុមជម្រើសជាតិឡាវ U19 ​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ AFF U19 Championship 2022 ជា​លើក​ដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយយកឈ្នះថៃ ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Patriot។

ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF U19 Championship 2022 ឡាវ បានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ២-០៕

Share.