វីដេអូឃ្លីបដែលមានលក្ខណៈមិនសមរម្យទាំងកាយវិការនិងពាក្យសម្តី ប្រើប្រាស់ពាក្យអសុរោះ ជេរដៀលគ្នាជាលក្ខណៈបុគ្គល ដែលនាំឲ្យប៉ះពាល់ដល់តម្លៃនៃវប្បធម៌ប្រពៃណីជាតិខ្មែរនិងជាពិសេសជះឥទ្ធិពលជាអវិជ្ជមានទៅលើយុវវ័យក៏ដូចជាក្មេងតូចៗ បាននិងកំពុងតែផ្សព្វផ្សាយយ៉ាងអាណាធិបតេយ្យនៅតាមបណ្តាញសង្គម មួយចំនួនដូចជា Face book ,Tik Tok ,និង You tube ជាដើម។ដំណាលគ្នានេះ វីដេអូមួយចំនួនបាននិងកំពុង តែធ្វើឲ្យយុវវ័យឆ្កួតវង្វេងតាមរយៈឈុតឆាកស្រើបស្រាលដែលផ្ទុយទៅនឹងទិដ្ឋភាពនៃវប្បធម៌ប្រពៃណីជាតិដែលសម្តែងដោយពុំមានការទទួលខុសត្រូវរបស់ក្រុមមួយចំនួន។

ជាការកត់សម្គាល់ទាំងក្រុមអ្នកផលិត ក៏ដូចជាអ្នកផ្សព្វផ្សាយ ហាក់មិនបាន ខ្វល់ខ្វាយ ឬក៏គិតដល់ឥទ្ធិពលជាអវិជ្ជមានដែលបង្កឡើងដោយវីដេអូខ្លីៗដែលពួកគេបានផលិតឬផ្សព្វផ្សាយនោះឡើយ។ ផ្ទុយទៅវិញពួកគេហាក់បាននិងកំពុងតែសប្បាយរីករាយនិងមានមោទកភាពចំពោះស្នាដៃក៏ដូចជាចំណូលដែលគេទទួលបានតាមរយៈចំនួនviewsរបស់មហាជន។

ក្រៅពីវីដេអូឃ្លីបដែលមានលក្ខណៈប្រាសចាកសីលធម៌ទាំងនោះ ក៏មានដែរម្ចាស់ គណនីហ្វេសប៊ុកឬក៏អេដមីនខ្លះបាននិងកំពុងតែផលិតមាតិកាដែលមានលក្ខណៈ បៀតបៀនដល់ជីវិតសត្វ រួមទាំងជំរុញ និងលើកទឹកចិត្តឲ្យមនុស្សទទួលទានសាច់សត្វឆៅ ដែលហាក់ផ្ទុយទៅនឹងការផ្សព្វផ្សាយរបស់កក្រសួងសុខាភិបាលដែលបានណែនាំឲ្យប្រជាជនត្រូវចម្អិនសាច់សត្វគ្រប់ប្រភេទឲ្យបានឆ្អិនល្អមុននឹងទទួលទានដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវនានា។

This image has an empty alt attribute; its file name is image-195.png

ក្នុងនាមជាពលរដ្ឋ ជាឪពុក និងគ្រូបង្រៀនមួយរូបហើយក៏ប្រហែលជាមានពលរដ្ឋដទៃ ទៀតជាពិសេសអ្នកគោរពប្រតិបត្តិតាមទ្រឹស្តីអប់រំរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ពិតជាមិនអាចទទួលយកបានឡើយចំពោះខ្លឹមសារនៃវីដេអូឃ្លីបដែលមានលក្ខណៈ អសីលធម៌ ទាំងកាយវិការនិងពាក្យសម្តីទាំងនោះ។ ពួកយើងពិតជាបារម្ភជាខ្លាំងចំពោះ ឥទ្ធិពលអវិជ្ជមានទៅលើយុវវ័យជាពិសេសកុមារតូចៗដែលជាក្រដាសស ហើយមិន ទាន់អាចចេះពិចារណាឲ្យបានជ្រៅជ្រះធ្វើត្រាប់តាមវីដេអូឃ្លីបទាំងនោះ និងធ្វើរឿងអសីលធម៌ដែលនាំ ឲ្យប៉ះពាល់ដល់អនាគតខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។

អ្វីដែលឪពុកម្តាយក៏ដូចជាអាណាព្យាបាលគ្រប់រូបចង់ឃើញនៅពេលនេះគឺ ស្ថាប័នពាក់ព័ន្ធ មានចំណាត់ការសមស្របណាមួយទៅលើក្រុមអ្នកផលិតរឿងខ្លី ក៏ដូចជាវីដេអូឃ្លីបរួមទាំង ម្ចាស់ផេក អ្នកផ្សព្វផ្សាយបន្តទាំងអស់ ដើម្បីកុំឲ្យពួកគេចេះតែផលិតនិងផ្សព្វផ្សាយឃ្លីបដែលមានលក្ខណៈមិនសមរម្យឬប្រាសចាកសីលធម៌ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាបន្តទៀត។

តាមរយៈសារព័ត៌មានត្រយង ខ្ញុំសូមចូលរួមផ្តល់នូវគំនិតមួយចំនួនទៅស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកាត់បន្ថយឬឈានទៅទប់ស្កាត់ការផលិតនិងផ្សព្វផ្សាយវីដេអូឃ្លីបដែល មានខ្លឹមសារមិនសមរម្យដូចខាងក្រោម៖

-វិធានការអប់រំនិងណែនាំដោយផ្ទាល់ គួរតែជាជំហានដំបូងគេដែលស្ថាប័នពាក់ព័ន្ធគួរតែប្រកាន់យក ដើម្បីឲ្យ ក្រុមផលិតករនិងអ្នកផ្សព្វផ្សាយទាំងនោះបានយល់ដឹងអំពី ឥទ្ធិពលអវិជ្ជមាននៃស្នាដៃនិងការផ្សព្វផ្សាយរបស់ពួកគេ។

-រៀបចំឲ្យមានវគ្គបណ្តុះបណ្តាលក្រុមផលិតវីដេអូឃ្លីបទាំងនោះពាក់ព័ន្ធទៅនឹងរបៀប     ផលិតវីដេអូដែលផ្តល់សារអប់រំដល់មហាជនដោយមិនប្រើប្រាស់ពាក្យពេចន៍អសុរស ឬកាយវិកាមិនសមរម្យ។

-វិធានការច្បាប់គួរតែប្រកាន់យកឲ្យបានតឹងរ៉ឹងក្នុងករណីដែលក្រុមផលិតឬម្ចាស់ផេក ណាមួយនៅតែល្មើសមិនព្រមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឬក៏អាជ្ញាធរ

ជាមួយគ្នានេះ ខ្ញុំក៏មានសំណូមពរទៅដល់ក្រុមអ្នកផលិតនិងផ្សព្វផ្សាយវីដេអូឃ្លីបនានា ផងដែរ សូមកុំបន្តផលិតឬក៏ចែកផ្សាយវីដេអូឃ្លីបដែលមានលក្ខណៈមិនសមរម្យទាំង កាយវិការនិងខ្លឹមសារជាបន្តទៀត។គួរតែច្នៃប្រឌិតផលិតវីដេអូដែលមានលក្ខណៈអប់រំ ក្នុងន័យបណ្តុះគំនិតនិងស្មារតីស្រឡាញ់ និងថែរក្សាតម្លៃនៃវប្បធម៌ ប្រពៃណីជាតិ លើកស្ទួយអំពើល្អនិង គុណតម្លៃមនុស្សនៅក្នុងសង្គមជាតិទាំងមូល។សូមកុំព្រោះតែផលប្រយោជន៍ ផ្ទាល់ខ្លួនតាមរយៈការទាក់ទាញចំណាប់អារម្មណ៍ពីមហាជននិងក្រុមហ៊ុនបណ្តាញសង្គម បង្កើតនិងផ្សព្វផ្សាយស្នាដៃដែលបំផ្លាញដល់យុវជនជំនាន់ក្រោមដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

សូមចូលរួមទាំងអស់គ្នាដើម្បីវប្បធម៌ ប្រពៃណីជាតិនិងយុវជនដែលជាកូនចៅជំនាន់ក្រោយទាំងអស់គ្នា។ សូមកុំបំពុលសង្គមនិងពួកគេជាបន្តទៀត។បើមិនបានជួយចូលរួមចំណែកកែលម្អសង្គមទេ សូមតែកុំចូលរួមបំពុលសង្គម នោះមានន័យថា អ្នកបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍សង្គមហើយ។សូមកុំព្រោះតែលុយ ហើយអង្គុយ ពោលពាក្យថាស្តាយនៅពេលក្រោយដោយសារតែខ្លួនបានសាបព្រោះគ្រាប់ពូជអសីលធម៌ដល់សង្គមជាតិ៕

អត្ថបទ៖មិត្តអ្នកអាន

Share.