កីឡាករប្រដាល់គុនខ្មែរ ទិត សោភ័ណ្ឌ (រឿង សោភណ្ឌ) ម្ចាស់មេដាយមាសគុនខ្មែរ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម នៅកម្ពុជា ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ពី​ថ្នាក់​អនុសេនីយ៍​ឯក ទៅ​ថ្នាក់​វរៈសេនីយ៍ត្រី ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ នៃ​ក្រុមប្រឹក្សាកីឡា​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ដណ្ដើមបានមេដាយមាស ជូនជាតិរួចមក។

កីឡាករ រឿង សោភណ្ឌ គឺជាម្ចាស់​មេដាយ ១រូបក្នុងចំណោមកីឡាករគុនខ្មែរ ១៤រូប​ដែល​បាន​ដណ្ដើម​មេដាយ​មាស ជូន​កម្ពុជា ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ប្រភេទកីឡាគុនខ្មែរ វិញ្ញាសា ៧១គីឡូ ផ្នែកបុរស ក្រោយ​យក​ឈ្នះលើកីឡាករវៀតណាម Nguyễn Hồng Quân នៅវគ្គផ្ដាច់ព្រ័ត្រ។

យោងតាមប្រភពដែលគួរឲ្យទុកចិត្តមួយបានបង្ហើបថា ក្រៅពីកីឡាករ រឿង សោភណ្ឌ ក៏មាន​កីឡា​ករ​គុនខ្មែរ​ដទៃទៀត ដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងមហាផ្ទៃ ក៏ត្រៀមចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគបាល​ជាតិ ​ផងដែរ ក្រោយ​ដណ្ដើបាន​មេដាយ​មាស ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ រួច​មក។

គួរបញ្ជាក់ថា សម្រាប់​ប្រភេទកីឡាគុនខ្មែរ កម្ពុជា​ដណ្តើមបានមេដាយសរុប ១៩គ្រឿង ក្នុងនោះ​មេ​ដាយមាស ១៤គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឺទ្ធ ២គ្រឿង ប្រកួតចាប់​ពី​ថ្ងៃទី០៦ ដល់​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ៕

Share.