ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស នឹងចេញដំណើរមកកាន់កម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៣​នេះ តាមជើងយន្តហោះ TG-322 នៅម៉ោង ១:៣៥នាទីរសៀល។ នេះ​បើតាម​ការ​បញ្ជាក់​ពីលោក Javier Fernandez Cabrera Martin Penato គ្រូប​ង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បង់​ក្លាដែស ក្នុងសន្និសីទកាសែតមួយ ធ្វើឡើងកាលពីថ្ងៃទី០៩ មិថុនា ម្សិលមិញ។

នេះ​គឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់​ពី​សហព័ន្ធ​បាល់​ទាត់​កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២។

កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាស​បញ្ជីរាយ​នាម​បឋម​កីឡាករ​ជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ និងកំពុងុំហ្វឹកហាត់ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

រំលឹកថា មុនប៉ះគ្នាក្នុងជំនួបមិត្តភាព​អន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ (FIFA Day ) ខាងមុខ​នេះ ក្រុម​ទាំង​២ធ្លាប់​ប៉ះម្ដង ក្នុង​ជំនួបមិត្តភាព​អន្តរជាតិ​ដែរ កាលពីខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ ដោយ​លទ្ធផល​កាល​នោះកម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ១-០៕

Share.