កីឡាករ Ernest John Obiena របស់​ហ្វីលីពីន ដែល​ជា​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​៣ជំនាន់​គឺ​នៅ​ឆ្នាំ​២០១៩, ២០២១, ២០២៣ បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន​​និង​​លទ្ធផល​កំណត់ត្រា​​ខ្ពស់​របស់​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ទ្វីប ពោល​គឺ​​លោត​ថ្នោល​បាន​កម្ពស់ បាន​ ៦.០៦​ម៉ែត្រ​។

លទ្ធផល​​របស់​កីឡាករ​​វ័យ​២៧​ឆ្នាំ រូប​នេះ​ បំបែក​បាន​នោះ​គឺ​ក្នុង​ព្រឹត្តិការណ៍ Sparebanken Vest Bergen Jump Challenge នៅ​ប្រទេស​ន័រវែស នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣ ថ្មីៗនេះ​ ស្រប​ពេល​ដែល​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ។

កាល​ពី​ស៊ីហ្គេម​ឆ្នាំ​២០២៣ កន្លង​ទៅ Ernest John Obiena លោត​បាន​កម្ពស់ ៥.៦៥​ម៉ែត្រ​ប៉ុណ្ណោះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៣ ខ្ពស់​ជាង​កីឡាករ​ថៃ ២នាក់​មាន​កីឡាករ ​Kasinpob Chomchanad ម្ចាស់​មេដាយ​ប្រាក់​និង Patsapong Amsam-ang ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ ដែល​ធ្វើ​បាន​​៥.២០​ម៉ែត្រ​ដូចគ្នា។

កីឡាករ Ernest John Obiena ក្រោយ​លោត​បាន​កម្ពស់ ៦.០៦​ម៉ែត្រ

ក្រោយ​លោត​បាន​៦.០៦ម៉ែត្រ​ កីឡាករ​ហ្វីលីពីន រូប​នេះ​បាន​លើក​ឡើង​ថា៖«នៅ​មាន​ការ​ប្រកួត​ជា​ច្រើន​ដែល​ខ្ញុំ​ត្រូវ​ចូលរួម​ ហើយ​រីករាយ​និង​មោទនភាព​។ ខ្ញុំ​សូម​អរគុណ​លោក​គ្រូ Vitaly (Petrov) ដែល​នៅ​ពីក្រោយ​ខ្នង​លទ្ធផល​មួយ​នេះ»។

កីឡាករ​​ដែល​​មាន​កំណត់ត្រា​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន គឺ​ជា Ernest John Obiena ផ្ទាល់​តែ​ម្តង​ដែល​លោត​បាន​កម្ពស់ ៦.៤៦ ខ្ពស់​ជាង​កីឡាករ​ផ្សេងៗ​​បង្អស់​នា​ពេល​កន្លង​ទៅ។ សម្រាប់​កំណត់ត្រា​​ពិភពលោក គឺ​កីឡាករ​បារាំង Renaud Lavillenie ដែល​លោត​បាន ៦.១៦ម៉ែត្រ ដែល​ធ្វើ​បាន​នៅ​ទីក្រុង Donetsk ប្រទេស​អ៊ុយក្រែន ហើយ​កម្រិត​ខ្ពស់​សម្រាប់​សម្រាប់​ទ្វីប​អាស៊ី​ធ្វើ​បាន​ដោយ​កីឡាករ Igor Potapovich របស់​កាហ្សាក់ស្ថាន លោត​បាន​កម្ពស់ ៥.៩២​ម៉ែត្រ កាល​ពី​ឆ្នាំ​១៩៩៨៕

Share.