សិល្បៈ​ជាតិ​៖ ជា​ថ្មី​ម្ដង​ទៀត​ តារា​ចម្រៀង​ Rap ដ៏​ពេញ​និយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ទទួល​បាន​នូវ​ការ​សរសើរ​ពី​ចាស់​ទុំ​មួយ​រូប​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​ចំពោះ​សមត្ថភាព​និង​ជំនាញ​វិជ្ជាជីវៈ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​។

ថ្មីៗ​នេះ​​មាន​ការ​ចាប់​អារម្មណ៍​វីដេអូ​មួយ​របស់​ឯកឧត្តម​ សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដែល​បាន​​លើក​សរសើរ​ដល់​ម្ចាស់​បទ​ «Time To Rise» ដោយ​ឯកឧត្តម​មាន​ក្រើន​រំលេច​ពី​វណ្ណដា​ថា​ដូច្នេះ​៖ «សូម្បី​តែ​អ្នក​ចម្រៀង​ មិន​មែន​អ្នក​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ល្បីទេ​ ឥឡូវនេះ​មាន​អ្នក​ចម្រៀង​ម្នាក់​ ស្អី​ Rap វណ្ណដា ប៉ុន្មាន​រយ​លាន​ឥឡូវ​នេះ​? អ៊ីចឹង អ៊ីចឹង​វណ្ណដា គឺជា​ឧទាហរណ៍​មួយ នៃ​យុវជន​សម័យ​ថ្មី គេរក​ឱកាស អ៊ីចឹង​អ្នក​មើល​នៅ​ក្នុង​ផេក​គាត់​ ១០០លាន​ ខ្ញុំ​ថ្ងៃ​មុន​ ស្ដាប់​បទ​ចម្រៀង​របស់​គេ​មួយ​ យើង​ចាស់​យ៉ាង​ម៉េច​ក៏​ដោយ​ ក៏​ប្រឹង​ធ្វើ​ម៉េច​ ឱ្យ​ដឹង​ថា យុវវ័យ​សព្វថ្ងៃ​ គេ​ enjoy ម៉េច អ៊ីចឹង​យើង​ត្រូវ​ដឹង​ដែរ ចូល​ទៅមើល​នឹង​គេ​ទៅ​ កាល​ខ្ញុំ​ចូល​ពីព្រឹក​ ម្ដុំ​ប្រហែល​១​លាន​ជាង ចូល​ទៅ​រសៀលតិច ជិត​៥លាន ជិត​៥លាន​នាក់​ អ៊ីចឹង​យើង​ចាត់​ទុក​ថា​ជា​អ្នក​ដែល​មាន​ជោគជ័យ ប៉ុន្តែ​ ជោគជ័យ​យ៉ាង​ណា​ក៏​ដោយ​ ដែល​ខ្ញុំ​បញ្ជាក់ថា​ជំនាញ​ត្រូវ​បូកនឹង​គេហៅ​ថា​ សីលធម៌ បូក​នឹង​វិន័យ​ បូក​នឹង​ចរិយា​ធម៌​ នៅ​ក្នុងសង្គម​។»

ការ​លើក​ឡើង​របស់​ឯកឧត្តម​ សក់ សេដ្ឋា​ ដែល​លើក​យកតារា​ចម្រៀង​វណ្ណដា មក​ធ្វើ​ជា​ឧទាហរណ៍​នៃ​ការ​ចាប់​យក​ឱកាស​ការងារ​របស់​យុវជន​សម័យ​ថ្មី ឱ្យ​ស្រប​ទៅ​តាម​ចំណេះជំនាញ​រៀង​ៗ​ខ្លួន​។

ប្រសិន​បើ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​មាន​កុមារ​ពេជ្រ សៀង ចន្ធា នៅ​ក្នុង​វិស័យ​ចម្រៀង​និង​តន្ត្រី​ កម្ពុជា​មាន​កុមារ​ពេជ្រ​ដូច​គ្នា​ គឺ វណ្ណដា ព្រោះ​តារា​ចម្រៀងវ័យ​ក្មេង​​មាន​ដើម​កំណើត ​នា​ខេត្ត​​ជាប់​ផ្ទៃ​សមុទ្រ​រូប​នេះ​ហើយ​​ គឺជា​អ្នក​បើក​ទ្វារ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​តន្ត្រី​ Rap នៅ​កម្ពុជា​ និង​ជា​អ្នក​ដែល​ឆក់​ដួង​ចិត្ត​អ្នក​គាំទ្រ​បរទេស​ជា​ច្រើនជាតិ​សាសន៍​ឱ្យ​ស្រលាញ់​ចូលចិត្ត​បទ​ចម្រៀង​ចង្វាក់​ Hip Hop និង​ស្ដាប់​បទ​ចម្រៀង​​​ខ្មែរ​៕

https://t.me/troryorngmedia
Share.