ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស​ជា​លើក​ទី​៦ហើយ ក្នុង​ជំនួប​រវាង​ក្រុម​ជម្រើស​ជាតិ​ទាំង​២​នា​ពេល​កន្លង​មក ខណៈ​ប្រកួត​ចុងក្រោយ​កម្ពុជា បាន​ចាញ់​ ដោយ​លទ្ធផល​១-០ នា​រាត្រី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ លើ​ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួប​មិត្តភាព​អន្តរជាតិ ក្នុង​ថ្ងៃ FIFA Day។

កីឡាករ Mohamed Sohel Rana របស់​បង់ក្លាដេស បាន​បំប៉ោង​សំណាញ់​ទី​កម្ពុជា នៅ​នាទី​ទី១២ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ក្រៅ​ទឹកដី​របស់​ខ្លួន។

សម្រាប់​ក្រុម​កម្ពុជា នេះ​ជាការប្រកួត​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​ជនជាតិ​អាហ្សង់ទីន Félix Dalmás ខណៈ​កម្ពុជា ក៏​ត្រូវ​ត្រៀម​ខ្លួន​លើ​ឆាក​អន្តរជាតិ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០២៣ នេះ។ ចំណែក​ក្រុម​បង់ក្លាដេស វិញ​គឺ​​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​ជើង​ឯក​ពានរង្វាន់ 2023 SAFF Championship ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌា នៅ​ចុង​ខែ​មិថុនា ខាងមុខ។

កម្ពុជា និង​ក្រុម​បង់ក្លាដេស ធ្លាប់​ជួប​គ្នា​៦លើក​ហើយ​ទាំង​លើក​នេះ គិត​ពី​ឆ្នាំ​២០០៦ មក ខណៈ​ក្រុម​បង់ក្លាដេស ឈ្នះ​បាន​៥ លើក​និង​ស្មើ​គ្នា​១លើក៕

Share.