កណ្តាល ៖ បុរសចំណាស់ម្នាក់ចុះងូតទឹករណ្តៅដី រអិលជើងធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់លិចបាត់ ផ្អើលសមត្ថកិច្ច ក្រុមអ្នករាវរកអស់រយៈពេលជាង៦ម៉ោងទើបរកឃើញសាកសព ខណៈដែលជម្រៅរហូតដល់ទៅជាង១០ម៉ែត្រ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅរណ្តៅដីមួយកន្លែង ក្នុងភូមិអង្គឃ្វៀន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ខុន ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មានប្រពន្ធ កូនប្រុស២នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

បើតាមសាច់ញាតិ បានឲ្យដឹងថា ក្រោយពីហូបបាយរួច ជនរងគ្រោះដើរទៅរកងូតទឹក នៅចំណុចខាងលើ លុះដល់បាត់យូរពេក ក្រុមគ្រួសារដើរទៅតាម ប្រទះឃើញតែស្បែកជើង អាវ សម្ភារៈ នៅមាត់ស្រះរណ្តៅដី ដែលមានជម្រៅជាង១០ម៉ែត្រ ទើបឆោឡោ សង្ស័យលង់លិចស្លាប់បាត់ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ទៅពិនិត្យដល់ទីតាំងកើតហេតុ តែដោយសារជម្រៅទឹកជ្រៅ ទើបស្នើសុំអន្តរាគមន៍ពីកម្លាំងរបស់អង្គភាពឆ័ត្រយោង៩១១ ជួយចុះរាវរក ។

កងកម្លាំងរាវរករបស់អង្គភាពឆ័ត្រយោង៩១១ ធ្វើការបំពាក់ធុងអុកសុីហ្សែនចុះក្នុងទឹកតាំងពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃដដែល រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែលទើបរាវរកសាកសពឃើញ ។

បើតាមលោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង ទ័ពពិសេសឆ័ត្រយោង៩១១ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីខាងលើ កម្លាំងទ័ពពិសេសចំនួន៣០នាក់ ចេញទៅជួយរាវរាក បំពាក់ដោយឧបករណ៍មុជទឹក បែងចែកការងារ មាន១០នាក់បំពាក់ដោយធុងអុកសុីហ្សែន ឈុតមុជទឹក ចុះធ្វើការរាវរក តាំងពីវេលាម៉ោង៣និង១៥នាទីរសៀល រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល សរុបរយៈពេល៦ម៉ោង១៥នាទី ទើបរកសាកសពឃើញ ។

សពជនរងគ្រោះក្រោយពីរកឃើញ ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.