អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលីបានប្រកាសនៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ ២០២១ នេះថា ទីក្រុងស៊ីដនី និងតំបន់ជុំវិញមួយចំនួនទៀត នឹងត្រូវបន្តបិទខ្ទប់ ចំនួន២សប្តាហ៍ទៀត រហូតដល់ថ្ងៃទី៣០ ខែកក្កដា ចំពោះមុខករណីឆ្លង COVID-19 ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់។

សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសនេះរកឃើញករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ ក្នុង រយៈពេល ២៤ម៉ោងចំនួន ៩៩នាក់បន្ថែមទៀតក្នុងចំណោមមនុស្សសរុប ៦៥,០០០នាក់ ដែលត្រូវបានធ្វើតេស្តរក COVID-19 តែក្នុងរយៈពេលពេញ១យប់។

រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ ញូសោតវែលស៍ លោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) បានឲ្យដឹងថា ការបិទខ្ទប់ត្រូវបានកំណត់នៅទូទាំងតំបន់ Greater Sydney ក្នុងនោះមានដូចជា ឆ្នេរ  សិនត្រលខូសត៍ (Central Coast), Blue Mountains, វ៉ូលឡងហ្គុង (Wollongong) និង ហ្សែលហាប័រ (Shellharbour) ជាដើម។

ចំណែកសិស្សសាលាទាំងអស់ ក៏តម្រូវឲ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់រយៈពេល ០២សប្តាហ៍ទៀតដូចគ្នា៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.