ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានកោះហៅកីឡាករសរុប២១នាក់ និងក្រុមការងារគ្រូបង្វឹក ចេញទៅប្រទេសឥណ្ឌូនេស៊ី នាទីក្រុង Semarang ដើម្បីចូលរួមប្រកួតមិត្តភាពអន្តរជាតិ Pre-Season 2023។

ភ្នំពេញក្រោន នឹងត្រូវជួប PSIS Semarang សមាជិកលីគកំពូលរបស់ឥណ្ឌូនេស៊ី Liga 1 នៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ៦:៣០នាទីល្ងាច (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Jatidiri។

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន គឺជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ Play Off Round ទាំង​២​ក្រុម​នឹង​ត្រូវ​ឡើង​ទៅ​​​ចូលរួម​ជាមួយ​ក្រុម​ចំនួន​១០​ដែល​អង្គុយចាំ ចាប់​ឆ្នោត​ចូល​​ក្នុង​៣​ពូល​ផ្សេង​គ្នា​ប្រចាំ​តំបន់​អាស៊ាន។ ក្រុម​ដែល​អង្គុយ​ចាំ​​ក្នុង​វគ្គ​ចែក​ពូល​ប្រចាំ​តំបន់​អាស៊ាន ទាំង​១០​ក្រុម​នា​ពេល​បច្ចុប្បន្ន​នោះ​មាន៖
-វៀតណាម៖ Hai Phong ឬ Hoang Anh Gia Lai
-ហ្វីលីពីន៖ Dynamic Herb Cebu និង Stallion
-ម៉ាឡេស៊ី៖ Terengganu និង​Sabah
-អូស្ត្រាលី៖ Macarthur និង​Central Coast Mariners
-សិង្ហបុរី៖ Hougang United
-ឥណ្ឌូណេស៊ី៖ Bali Utd ឬ Persija
-មីយ៉ាន់ម៉ា៖ Shan United

តាម​គម្រោង​នៃ​ការ​ប្រកួត​ពានរង្វាន់ AFC Cup ក្នុង​តំបន់​អាស៊ាន ​ក្រុម​ដែល​ឈរ​លេខ១ ទាំង​៣​​​ពូល​​និង​លេខ​២​ល្អ​ជាង​គេ​១ក្រុម (ធៀប​ក្នុង​ពូល​ទាំង​៣)​ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ប្រចាំ​តំបន់ និង​បន្ត​រក​ក្រុម​ខ្លាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​តំណាង​តំបន់​អាស៊ាន ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ មក​ពី​តំបន់​ផ្សេង​ទៀត​ក្នុង​​ទ្វីប​អាស៊ី។

ពានរង្វាន់ AFC Cup 2023-24 មាន​ក្រុម​ចូលរួម​ចំនួន​៦៥​ក្រុម​មក​ពី​៣៧​ប្រទេស ក្នុង​៥តំបន់ (Zone) ដែល​ជា​សហព័ន្ធ​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ដោយ​ត្រូវ​ប្រកួត​ពី​វគ្គ​ជម្រុះ​បឋម​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ។

ក្រុម​ទាំង​​៦៥​ ជ្រើសរើស​ចេញ​ពី​តំបន់​អាស៊ី​ខាង​លិច ចំនួន​១២​ប្រទេស, អាស៊ី​ខាង​ត្បូង ៧ប្រទេស, អាស៊ី​កណ្ដាល ៦ប្រទេស, អាស៊ីភាគអាគ្នេយ៍ (អាស៊ាន) ១២​ប្រទេស និង​អាស៊ី​ខាង​កើត​១០​ប្រទេស។ និយាយ​ឱ្យ​ច្បាស់​នោះ សម្រាប់​កូតា​របស់​កម្ពុជា ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​តំបន់​អាស៊ាន សិន ទើប​មាន​ឱកាស​​ទៅ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​តំបន់​ផ្សេង​ចំនួន​៤​ផ្សេង​ទៀត។

ពានរង្វាន់ AFC Cup ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ មក​ម៉្លេះ ខណៈ​ក្រុម​Al-Quwa Al-Jawiya (អ៊ីរ៉ាក់) និង Al-Kuwait (គុយវ៉ែត) ជា​ក្រុម​ឈ្នះ​ពាន​បាន​ច្រើន​ជាង​គេ​ចំនួន​៣លើក​ដូចគ្នា ហើយ​ក្រុម​Al-Seeb (អូម៉ង់) ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ២០២២ កន្លង​ទៅ៕

Share.