សិល្បៈ​អន្តរជាតិ​៖ ​ក្រុម​​​ Fifty Fifty បាន​ក្លាយ​ជា​​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​​ដែល​ឈរ​លើ​តារាង​តន្ត្រី​ Billboard Hot 100 របស់​អាមេរិក​បាន​យូរ​ជាង​គេ​ជា​ប្រវត្តិ​សាស្ត្រ ដោយ​បាន​ជាប់​ឈ្មោះ​លើ​តារាង​តន្ត្រី​នេះ​បន្ត​កន្ទុយ​គ្នា​រយៈ​ពេល​១៣​សប្ដាហ៍​។ នេះ​បើ​យោង​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​ U.S. Time បាន​បញ្ចេញ​ទិន្នន័យ​​ឱ្យ​ដឹង​ថាតាម​រយៈ​បទ​ចម្រៀង​ «Cupid» ​ក្រុម​នេះ​បាន​ឈរ​នៅ​លេខ​រៀង​ទី​២៤​ ពោល​គឺ​ធ្លាក់​ចុះ​​៣​លេខ​រៀង​​ពី​សប្ដាហ៍​មុន​។

កាសែត​​ Yonhap ​បាន​ផ្សាយ​ថា​ក្រុម​ចម្រៀង​ថ្មោងថ្មី​របស់​កូរ៉េ​នេះ​បាន​បង្កើត​កំណត់​ត្រា​ជា​ក្រុម​ចម្រៀង​ស្រី​ K-pop ដំបូង​ដែល​អាច​ឈរ​លើ​តារាង​ Billboard Hot 100 រយៈ​ពេល​១៣​សប្ដាហ៍​ជាប់ៗ​គ្នា​ បំបែក​កំណត់ត្រា​ចាស់​របស់​ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​ Blackpink ធ្លាប់​ឈរ​លើ​តារាង​នេះ​ជាប់​ៗ​គ្នា​រយៈ​ពេល​១២​សប្ដាហ៍​។

បច្ចុប្បន្ន​ Blackpink គឺ​ជា​ក្រុម​ចម្រៀង​ស្រី​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ ដែល​ធ្លាប់​បាន​បង្កើត​កំណត់ត្រា​បែប​នេះ​កាល​ពី​ឆ្នាំ​២០១៩ តាម​រយៈ​បទ​ចម្រៀង​ «Kiss and Makeup» ជា​បទ​​​ច្រៀង​រួម​ជាមួយ​​នឹង​តារា​ចម្រៀង​-អ្នក​និពន្ធ​អង់គ្លេស​ Dua Lipa។

ក្រុម​ Fifty Fifty បាន​ឈរ​លេខ​រៀង​ទី​១០០​​នៅ​លើ​តារាង​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា​ ក្លាយ​ជា​ក្រុម​ចម្រៀង​ក្មេង​ខ្ចី​ដែល​បាន​​ឈរ​លើ​តារាង​ ក្រោយ​ប្រឡូក​ចូល​ក្នុង​សិល្បៈ​ត្រឹម​រយៈ​ពេល​៥ខែ​ប៉ុណ្ណោះ​។ ថ្វី​ត្បិត​របូត​​​ពី​ចំណុច​កំពូល​នៃ​លេខ​រៀង​ទី​១៧ លើ​តារាង​កាល​ពី​ខែ​មុន​ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​ឈរ​យ៉ាង​រឹងមាំ​​មិន​ធ្លាក់​ចេញ​ពី​តារាង​​​ចម្រៀង​ខាង​លើ​នេះ​ដដែល​។

នៅ​លើ​តារាង​ Billboard 200 ក្រុម​ចម្រៀង​បុរស​ Stray Kids បាន​ឈរ​នៅ​លើ​កំពូល​ ឬ Top10 ក្នុង​លេខ​​រៀង​ទី​៦ រយៈ​ពេល​២​សប្ដាហ៍​ជាប់​គ្នា តាម​រយៈ​បទ​ចម្រៀង​ «5-Star»៕

ប្រភព៖ បរទេស

Share.