យោង​តាម​គណនី​ហ្វេសប៊ុក​របស់​បវរកញ្ញ​ចក្រវាឡ​ឆ្នាំ​ ២០២០ កញ្ញា​ រ៉េត សារីតា បាន​វិល​ត្រលប់​មក​ដល់​មាតុភូមិ​កំណើត​ប្រកប​ដោយ​សុខ​សុវត្ថិភាព​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ កក្កដា ឆ្នាំ​ ២០២១។

ទោះ​ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​ (Miss Universe 2020) បាន​បញ្ចប់​ជា​ស្ថាពរ​តាំង​ពី​ថ្ងៃ​ទី​ ១៧ ឧសភា ឆ្នាំ​២០២១ កន្លង​មក​ក្ដី​ ប​៉ុន្តែ​នារី​ស្រអែម​ស្រស់​​ រ៉េត សារីតា បាន​បន្ត​ស្នាក់​នៅ​ និង​ ធ្វើ​ដំណើរ​កម្សាន្ត​ជួបជុំ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣​ខែ​ទើប​កញ្ញា​ធ្វើ​មាតុភូមិ​និវត្ត​ន៍​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។​

ជា​រឿយ​ៗ រ៉េត សារីតា​ ​ដែល​នៅ​ឯនាយ​សមុទ្រ​ តែងតែ​បង្ហាញ​ពី​សកម្មភាព​ខ្លួន​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ចែក​រំលែក​ចំពោះ​បងប្អូន​ខ្មែរ​ដែល​នៅ​ឯ​ស្រុកកំណើត ហើយ​ភាគ​ច្រើន​សង្កេត​ឃើញ​ថា​ទាំង​បងប្អូន​ខ្មែរ​ ដែល​នៅ​ស្រុក​គេ​និង​ជនជាតិ​បរទេស​បាន​ទទួល​ស្វាគមន៍​បវរកញ្ញា​ចក្រវាឡ​របស់​កម្ពុ​ជា​រូប​នេះ​យ៉ាង​កក់​ក្ដៅ​នៅ​គ្រប់​រដ្ឋ​ ឬទី​កន្លែង​ដែល​កញ្ញា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ បន្ថែម​ពី​លើ​នោះ​ក៏មាន​រៀបចំ​ជា​ពិធី​ជប់​លាង​​ទទួល​យ៉ាង​កក់ក្ដៅ​ផង​ដែរ​។

យ៉ាង​ណា​មិញ​ដំណើរ​កម្សាន្ត​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ កញ្ញា រ៉េត សារីតា បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​សុវណ្ណភូមិ​តាម​រយៈ​បក្សា​ស្លាប​ដែរ​ ដោយ​សុខសុវត្ថិភាព​ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ​-១៩ កញ្ញ​ា​ត្រូវ​​តែ​ឃុំ​ខ្លួន​ធ្វើ​ចត្តា​ឡីស័ក​ ១៤ ថ្ងៃ​ដើម្បី​តាម​ដាន​អាការៈ​បើសិន​មិនមាន​រោគ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​ណាមួយ​ទេ​ កញ្ញា​ នឹង​បាន​វិល​មក​ជួប​ជុំ​បងប្អូន​និង​មិត្ត​វិញ​ហើយ។

នៅ​ក្នុង​សំណេរ​រៀបរាប់​ដែល​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស​នោះ​កញ្ញា​ក៏​បាន​ចែក​រំលែក​ពី​បទ​ពិសោធ​ ព្រម​ទាំង​អនុស្សាវរីយ៍​ល្អ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ត្រយង​សូម​ធ្វើ​ការ​បកប្រែ​មិន​ផ្លូវការ​ ដូច​ខាង​ក្រោម​ ​៖
«ហ៊ឺម តើ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា? អរុណ​សួស្ដី?​ ហាសៗ… ខ្ញុំ​ដឹង​ថា​រក​អ្វី​ឱ្យ​រីករាយ​ជាង​ការ​ដែល​បាន​មក​ដល់​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​ដ៏​អស្ចារ្យ​! គ្រប់​យ៉ាង​ផ្លាស់​ប្ដូរ​យ៉ាង​រហ័ស​ ខ្ញុំ​គ្មាន​អារម្មណ៍​សោះ​ថា​ជិត​៣​ខែ​ហើយ​។ មិន​ថា​លទ្ធផល​បែបណា​ ​ការ​ប្រកួត​កម្មវិធី​ Miss Universe បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ជា​ច្រើន​យ៉ាង​ ដែល​ពិបាក​នឹង​ពិពណ៌នា​ជា​ពាក្យ​សម្ដី​។ បន្ទាប់​ពី​ទៅ​ដល់​កន្លែង​ជា​ច្រើន​ បាន​ជួប​​និង​រាប់​អាន​មិត្ត​ច្រើន​នៅ​ US ខ្ញុំ​បាន​ត្រលប់​មក​វិញ​​ជាមួយ​នឹង​ភាព​ស្រស់​ថ្លា ពេញ​ដោយ​ការ​ជំរុញ​ទឹក​ចិត្ត​ គំនិត​ថ្មីៗ​ ដែល​បាន​បំពេញ​ក្នុង​ខ្លួន​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ចង់​ជួប​គ្រួសារ​ខ្ញុំ​ និង​ មិត្ត​ភក្ដិ​ខ្ញុំ​ណាស់​។ តែ​ពេល​នេះ​ ចាប់​ផ្ដើម​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​។»

Telegram-Troryorng
Share.