សារព័ត៌មានត្រយង បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយក្លិបបាល់ទាត់វិសាខា ដែល​ជាក្លិបបាល់ទាត់អាជីពមួយនៅកម្ពុជា និងកំពុងមានឈ្មោះបោះសម្លេងក្នុងការអភិវឌ្ឍវិស័យ កីឡា​ទាំងក្នុងស្រុក និងក្រៅស្រុក។ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាព្រឹកថ្ងៃសុក្រទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានព្រីនស៍។

ការចុះអនុសារណៈយោគយល់គ្នា (MOU) នេះ ធ្វើឡើងដោយមានការចូលរួមពីលោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង លោក សំ នឿន អគ្គនាយករងសារព័ត៌មានត្រយង និងលោក ម៉ឺន រស្មី នាយកផ្នែក កីឡា តំណាង សារព័ត៌មានត្រយង។ ចំណែកភាគីខាងក្លិបបាល់ទាត់វិសាខាវិញ មាន លោកជំទាវ កែ សួន សុភី ប្រធានក្លិបបាល់ទាត់វិសាខា និងកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនា​យិកា​គ្រប់​គ្រង​ក្លិបកីឡាបាល់ទាត់ វិសាខា រួម​ជា​មួយគណៈគ្រប់គ្រងក្លិប គ្រូបង្វឹក និងកីឡាករជាច្រើន។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បាន​ថ្លែង​អំណរ​គុណ​ដៃគូ​សហការ​ទាំងអស់ ដែលបានសហការ និងឧបត្ថម្ភគាំទ្រដល់ក្លិបរបស់យើងនាពេលកន្លងមក ក្នុង​នោះ​មានសារព័ត៌មាន ត្រយង ដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយ និង​ធ្វើ​ឲ្យ​មហាជនស្គាល់ក្លិបកីឡាបាល់ទាត់ វិសាខា កាន់តែទូលំទូលាយ ។

កញ្ញាបន្ដថា៖ «ក្នុងបទពិសោធន៍ នៃកិច្ចសហការនាពេលកន្លងមក យើងឃើញថា សារព័ត៌មាន ត្រយង ពិតជាបានរួមចំណែកជួយផ្សព្វផ្សាយរាល់ព័ត៌មានពាក់ព័ន្ធក្លិបរបស់យើងច្រើន ប្រកប​ដោយវិជ្ជាជីវៈ និងច្បាស់លាស់ ។ មិនតែប៉ុណ្ណោះ ត្រយង ក៏បានផ្សាយផ្ទាល់(Live) រាល់​ការ​ប្រកួត​របស់​យើង ប្រកបដោយគុណភាព និងស្ដង់ដារទៀតផង ។ ទាំងអស់នេះហើយ ដែល​នាំឲ្យ​ពួក​យើង​សម្រេច​បន្ដ​កិច្ចសហការជាមួយសារព័ត៌មាន ត្រយង ហើយសង្ឃឹមថា ភាគីទាំងពីរ នឹងពួតដៃគ្នា ដើម្បីជំរុញការផ្សព្វផ្សាយពីកិត្យានុភាពរបស់ក្លិប និងធ្វើឲ្យអន្ដរជាតិស្គាល់ពីក្លិបកាន់តែច្រើន»។

លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មាន ត្រយង

លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មាន ត្រយង បានលើកឡើងថា សារព័ត៌មាន ត្រយង មាន​បទ​ពិសោធន៍​ផ្សព្វផ្សាយលើវិស័យសារព័ត៌មានជាច្រើនឆ្នាំមកហើយ ហើយការចាប់ផ្ដើមដំបូង ដែល​នាំឲ្យមានការគាំទ្រច្រើន ក៏កើតចេញពីវិស័យកីឡាដែរ ។

លោកបន្តថា៖ «ការចាប់ដៃគ្នាកន្លងមកនេះ យើងឃើញថា សន្ទុះ​វិស័យ​កីឡា​កម្ពុជា​ពិត​ជា​មាន​ការ​រីក​ចម្រើន ក្នុងនោះក្លិបកីឡាបាល់ទាត់ វិសាខា គឺជាក្លិបអាជីបមួយ មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ច្រើន តាមរយៈអ្នកគាំទ្រ ។ រីឯសារព័ត៌មាន ត្រយង គឺជាទីផ្សារមួយ នៅពេលមានផលិតផលល្អ ហើយ​យកទៅផ្សព្វផ្សាយ ធ្វើឲ្យមានការគាំទ្រច្រើនមែនទែន ជាក់​ស្ដែង​ក្នុង​មួយ​ខែ​មាន​អ្នក​តាម​ដាន​ជាង ១៤លាននាក់ឯណោះ» ។

អគ្គនាយកសារព័ត៌មាន ត្រយង បានបង្ហាញសុទិដ្ឋិនិយមទៀតថា៖ «ការចាប់ដៃបន្ដទៀតនេះ នឹងធ្វើឲ្យវិស័យកីឡា ពិសេសធ្វើឲ្យក្លិបកីឡាបាល់ទាត់ វិសាខា និងសារព័ត៌មាន ត្រយង កាន់តែល្បីរន្ទឺ ហើយគេស្គាល់កាន់តែទូលំទូលាយថែមទៀត ទាំងក្នុង និងក្រៅប្រទេស» ។

ការចាប់ ដៃសហការគ្នាដែរ គឺដើម្បីធ្វើជាដៃគូក្នុងការផ្សព្វផ្សាយ ព័ត៌មាន កីឡានៅកម្ពុជាក៏ដូចជា ជួយ លើកកម្ពស់វិស័យកីឡា និងឆ្លុះបញ្ជាំងពីសារៈសំខាន់នៃសន្ដិភាពសម្រាប់ ការអភិវឌ្ឍវិស័យ កីឡានៅកម្ពុជានាពេលបច្ចុប្បន្នឱ្យកាន់តែទូលំទូលាយទៅកាន់សាធារណជនទាំងក្នុងប្រទេសក្នុង តំបន់ និងសកលលោក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង រវាងសារព័ត៌មាន និងក្លិបដែលជាសមាជិកពានរង្វាន់លីគកំពូល កម្ពុជា នេះដើម្បីចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន និងការផ្សាយបន្ដ ផ្ទាល់ផ្សេងៗទាក់ទងនឹងកីឡាបាល់ទាត់និងកម្មវិធីផ្សេងៗដែលរៀបចំដោយក្លិបបាល់ទាត់វិសាខា។ ក្នុងនាមជាដៃគូសហការ ក្រុមហ៊ុនទាំ២ រំពឹងថានឹងជួយពង្រីកនូវវិសាលភាពព័ត៌មានកីឡាបាល់ ទាត់នៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែម ទៀតនៅលើកឆាកអន្រជាតិ៕

Share.