ក្លិបកីឡាបាល់ទាត់វិសាខា បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Forward Sportswear លើភាពជាដៃគូសហការឧបត្ថម្ភសម្ភារកីឡាដល់ក្លិបជាផ្លូវការ។ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាព្រឹកថ្ងៃសុក្រទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានព្រីនស៍។

ពិធីចុះហត្ថលេខាលើភាពជាដៃគូនេះ រៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា គណៈគ្រប់គ្រងក្លិប គ្រូបង្វឹក និងកីឡាករ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន Forward Sportswear ជាច្រើន។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បានគូសបញ្ជាក់ថា ជាច្រើនរដូវកាលមកហើយ ដែលក្លិបបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Forward Sportswear ព្រោះ Forward Sportswear គឺជាក្រុមហ៊ុនផលិតសម្ភារកីឡា ដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់អ្នកលេងកីឡា សូម្បីមិត្តបរទេស ដែលបានប្រើប្រាស់ផលិតរបស់ក្រុមហ៊ុនហើយ ក៏បានកោតសរសើរមិនដាច់ពីមាត់ដែរ ។

កញ្ញាបន្ដថា៖ «ពួកយើងពិតជាសប្បាយរីករាយ ដែលកីឡាករបស់យើង មានផលិតផលល្អសម្រាប់ប្រើប្រាស់ ទាំងការហ្វឹកហាត់ និងការប្រកួត ហើយកាន់តែត្រេកអរថែមទៀត នៅពេលអតិថិជន ទាំងជាតិ និងអន្ដរជាតិ បានគាំទ្រ និងពេញចិត្តផលិតផលរបស់ Forward Sportswear ។ កាលណាក្រុមហ៊ុន Forward Sportswear រីកចម្រើន ក្លិបរបស់យើងក៏រីកចម្រើនដែរ ។ នេះគឺជាកត្ដាមួយ ដែលជំរុញឲ្យក្លិបរបស់យើងបន្ដកិច្ចសហការជាមួយ Forward Sportswear ហើយនឹងបន្ដកិច្ចសហការយូរអង្វែងទៅមុខទៀត» ។

ជាមួយគ្នាដែរ លោកស្រី ជា ណាណា តំណាងក្រុមហ៊ុន Forward Sportswear ក៏បានបង្ហាញនូវមោទកភាព ដែលបានបន្ដកិច្ចសហការជាមួយក្លិបកីឡាបាល់ទាត់ វិសាខា ដែលជាក្លិបមានការរីករាយយ៉ាងឆាប់រហ័ស ហើយបានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញគួរឲ្យកត់សម្គាល់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ហេតុនេះ ក្រុមហ៊ុន Forward Sportswear ពិតជាមានមោទកភាព ដែលបានចូលរួមធ្វើជាដៃគូសហការឧបត្ថម្ភសម្ភារ សម្រាប់រដូវកាលថ្មីបន្ដទៀត ។

លោកស្រីបន្ថែមថា៖ «ក្លិបកីឡាបាល់ទាត់ វិសាខា មិនត្រឹមតែមានក្រុមធំដ៏មានសក្ដានុពលនោះទេ ថែមទាំងមានក្រុមយុវជនថ្នាលច្រើនកម្រិត និងក្រុមបាល់ទាត់នារីថែមទៀត ។ អ៊ីចឹងវិសាលភាពនេះហើយ ដែល Forward Sportswear សម្លឹងឃើញ ហើយបន្ដចាប់ដៃគូសហការ ដើម្បីគាំទ្រដល់ក្លិប ក៏ដូចជារួមចំណែកជាមួយក្លិប ក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន ។ ការខិតខំមួយនេះ យើងក៏សង្ឃឹមថា វិសាខា នឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ Forward Sportswear កាន់តែមានអ្នកស្គាល់ និងគាំទ្រច្រើនផងដែរ» ។

គួរដឹងថា ក្រុមហ៊ុន Forward Sportwear គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាក្នុងស្រុក ដែលបានបើកដំណើរការនៅក្នុងឆ្នាំ២០២០ និងបានចាប់ដៃគូសហការជាមួយក្លិបបាល់ទាត់ជាច្រើនរួចមកហើយ ក្នុងនោះក៏មានក្លិបកីឡាបាល់ទាត់ វិសាខា ផងដែរ ៕

Share.