ដោយសារជួបបញ្ហាខ្វះខាតថវិកាជាច្រើនក្នុងការចំណាយទៅលើការរៀបចំការប្រកួត ការ​ហូប​ចុក ស្នាក់នៅ និងធ្វើដំណើរក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ បាន​ប្រកាស​ស្វែង​រក​ការ​ឧបត្ថម្ភ​គាំទ្រ​ ដើម្បីដឹកនាំក្រុមបាល់ទាត់តំណាងខេត្តកំពង់ធំចូលរួមប្រកួតក្នុងពានរង្វាន់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែនលើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត)។

តាម​រយ:ទំព័រហ្វេសបុក​ផ្លូវ​ការ​របស់​ក្លិប​បាន​សរសេររៀបរាប់​កាលពីថ្ងៃទី២១ មិថុនា ថា៖ «ជាថ្មី​ម្តង​ទៀត​ដូចជា សម្តេច ទ្រង់ ឯក​ឧត្តម លោកឧកញ៉ា លោក-លោកស្រី និង​សប្បុរ​សជន​ទាំង​អស់​បាន​ជ្រាបហើយថា ក្លឹប​បាល់​ទាត់​សន្តិភាព​ខេត្តកំពង់ធំយើងខ្ញុំ បាន​ទទួល​សិទ្ធិ​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ ក្នុង​ការ​រៀប​ចំដឹកនាំក្រុមបាល់ទាត់តំណាងខេត្តកំពង់ធំចូលរួមប្រកួតក្នុងពានរង្វាន់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៧ឆ្នាំ២០២៣-២០២៤(ថ្នាក់ខេត្ត) ទន្ទឹម​នឹង​ការ​ទទួល​ខុស​ត្រូវរៀប​ចំ​ដឹកនាំនេះ​យើង​ខ្ញុំក៏ជួប​នៅ​បញ្ហាខ្វះ​ខាត​ថវិកា​ជា​ច្រើន​ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​រៀប​ចំការប្រកួត ការហូបចុក ស្នាក់នៅ និងធ្វើដំ​ណើរ​ចេញ​ទៅ​ប្រកួត​នៅខេត្ត​ឆ្ងាយៗ​ផ្សេងៗ​ដូច​ជា ខេត្តសៀមរាប ព្រះវិហារ មណ្ឌលគីរី និងខេត្តរតនៈគីរី ជាដើម»។

ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ បាន​សរសេររៀបរាប់​បន្ត​ថា៖«​អាស្រ័យដូចបានជម្រាបជូន​ខាង​លើ យើងខ្ញុំសូមអំពាវនាវដល់សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោក-លោកស្រី និង​សប្បុរ​សជន​ព្រម​ទាំងថ្នាក់ដឹកនាំគ្រប់មន្ទីរ ស្ថាប័ន-អង្គភាព ទាំងអស់ មេត្តា​ជួយ​ឧបត្ថម្ភគាំទ្រដល់យើងខ្ញុំ ដើម្បីដោះស្រាយបញ្ហាខ្វះខាតនេះដោយសេចកី្តអនុគ្រោះផងចុះ »។

ក្លឹប បាន​បន្ថែម​ថា៖ «យើង​ខ្ញុំ​ក៏សូម​ថ្លែងអំណរ​គុណ​យ៉ាង​ក្រៃលែងចំពោះថ្នាក់ដឹក​នាំ​ខេត្ត​កំពង់ធំ​គ្រប់​ជាន់​ថ្នាក់ និង​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ធំព្រមទាំងសហការី ព្រម​ទាំង​សប្បុ​រស​ជននានា ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​គាំ​ទ្រដល់កីឡាករបាល់ទាត់ខេត្តកំពង់ធំ ក្នុង​រៀប​ចំ​ការប្រកួត​កន្លង​មកបានរលូន ក្នុង​ន័យ​និង​គោល​ដៅ​ពង្រឹង​រួម​ជា​មួយ​ការលើក​ស្ទួយ​ឲ្យ​វិស័យ​កីឡា​បាល់​ទាត់​ខេត្ត​កំពង់ធំ​មានការផុសផុលនិងរីកចម្រើនឡើងវិញ»។

ប្រសិនសម្តេច ទ្រង់ ឯក​ឧត្តម លោកឧកញ៉ា លោក-លោកស្រី និង​សប្បុរ​សជន​ទាំង​អស់ មាន​បំណង​ចង់​ជួ​ឧបត្ថម្ភ​គាំទ្រ​ ​តាមរយៈ៖
BA: VEN VOUNGPISETH

  • 012914940(USD)
  • 070995565(KHMER)

សម្រាប់ ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៧ឆ្នាំ២០២៣-២០២៤​(ថ្នាក់ខេត្ត) ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ ស្ថិត​នៅ​ក្នុង​ពូល ឃ ​មាន​ដូច​ខាង​ក្រោម៖

កាលវិភាពប្រកួតមានដូច​ខាង​ក្រោម៖

គួរបញ្ជក់ថា សម្រាប់​ក្រុម​បាល់ទាត់​សន្តិភាព​កំពង់ធំ ក្នុង​រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ ជា​ក្រុម​លេខ១​ក្នុង​ពូល D ក្រោយ​ប្រកួត​ឈ្នះ​៣លើក និង​​ស្មើ​៣លើក ដឹក​ដៃ​ក្រុម​អធិរាជ​ដំរី​ឦសាន​ ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ តែ​ចាញ់​ក្រុម​​​ជើង​ឯក​រង​​ឧត្តរមានជ័យ នៅ​វគ្គ​នេះ​ដោយ​បាល់​ប៉េណាំង​ទី​កាត់​សេចក្តី​៤-៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​ទាំង​២ជើង ២-២៕

Share.