ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប PSIS Semarang សមាជិកលីគកំពូលរបស់ឥណ្ឌូនេស៊ី Liga 1 នៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ៦:៣០នាទីល្ងាច (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Jatidiri ជំនួបមិត្តភាពអន្តរជាតិ Pre-Season 2023 នៅប្រទេសឥណ្ឌូនេស៊ី។

មុនប៉ះគ្នាល្ងាចនេះលោក Oleg Starynskyi ថ្លែងពីចំណាប់អារម្មណ៍របស់ដូច្នេះថា៖ «យើងពិតជារីករាយណាស់ដែលទទួលការអញ្ជើញមកទីនេះ យើងសង្ឃឹមថាវានឹងក្លាយជាការប្រកួតដ៏ល្អ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពរំភើប ព្រោះយើងមានដៃគូប្រកួតល្អ។

គ្រូបង្វឹកខាងលើបន្តទៀតថា៖«ខ្ញុំសង្ឃឹមថាអ្នកគាំទ្រមកគាំទ្រច្រើន ព្រោះពួកគេមានអ្នកគាំទ្រច្រើននៅ Semarang ដូច្នេះខ្ញុំគិតថាទាំងភាពតានតឹងក្នុងការប្រកួត បរិយាកាសអ្នកគាំទ្រ នឹងធ្វើឲ្យការប្រកួតមានកម្រិតមួយដែលខ្ពស់ជាលក្ខណៈអន្តរជាតិតែម្តង»។

លោក Oleg Starynskyi

ដោយឡែកក្រុម​បាល់ទាត់​ភ្នំពេញក្រោន គឺជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka៕

Share.