កុមារី​ សរពេជ្ញ ម៉ានីកា ដែល​ប្រិយមិត្ត​អ្នក​ទស្សនា​ធ្លាប់​ស្គាល់​ស្នាដៃ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ «នាឡិកា​ដាស់​វិញ្ញាណ​» និង​រឿង​ភាគ​ «អ្នក​ម៉ាក់វ័យ​ក្មេង​ វគ្គ​១&វគ្គ​២» រួច​មក​ហើយ​ រឹត​តែ​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី​អ្នក​គាំទ្រ​និង​អ្នក​តាមដាន​ទស្សនា​​ខ្លាំង​ថែម​​ទៀត បន្ទាប់​​ពី​​ក្មួយ​ស្រី​បាន​បញ្ចេញ​ថ្វី​ដៃ​សម្ដែង​ជា​តួអង្គ​កូន​ភ្លោះ​ដែល​មានចរិត​លក្ខណៈ​ផ្ទុយ​គ្នា​មួយ​កាច​ ​និង​មួយ​​​​ទៀត​ស្លូត​ហើយ​មាន​ជំងឺ​តាំង​ពី​កំណើត​។

សូម​ចុច​អាន​ ស៊ីន​ យូប៊ីន​ ដើរ​តួ​កូន​ភ្លោះ​ដំបូង​លេង​ទឹក​មុខ​ឡើង​សាហាវ​ អ្នក​ណា​ឃើញ​ក៏​គ្រឺត​និង​ខ្នាញ់​!

កុមារី​វ័យ​ត្រឹម​តែ​ ៩​ឆ្នាំ​រូប​នេះ​​ ពិត​ជា​មាន​សមត្ថភាព​សម្ដែងបានល្អ​ព្រោះ​មិន​ថា​ក្មួយ​ស្រី​​ត្រូវ​បាន​អ្នក​ដឹកនាំ​ផ្ដល់​ឱកាស​ឱ្យ​សម្ដែង​តួ​អង្គ​កូនក្មេង​មាន​ចរិត​បែបណា​ក្មួយ​ស្រី​សម្ដែង​បាន​សម​ត្រូវ​ចិត្ត​អ្នក​ដឹកនាំ​ និង​អ្នក​ទស្សនា​ទាំង​អស់​។ និយាយ​ដល់​​រឿង​ការ​សម្ដែង​ តួ​ក្មេង​សម្បូរ​​ហាង​ឆេង​​ និង ឧស្សាហ៍​បង្ហាញ​វត្តមាន​ច្រើន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN​ បាន​ទទួល​ការ​សរសើរ​យ៉ាង​ខ្លាំង​សម្រាប់​ការ​សម្ដែង​ជា​តួអង្គ​វ័យ​ក្មេង​របស់​កញ្ញា​ ស៊ីន​ យូប៊ីន​ នៅ​ក្នុង​រឿង​ «ព្រហ្ម​លិខិត​លម្អៀង​» រហូត​អ្នក​ទស្សនា​លាន់​មាត់​សរសើរ​គ្រប់​គ្នា​​​សម្ដែង​ល្អ​មិន​ចាញ់តារា​ចាស់​ៗ​ប៉ុន្មាន​នោះ​ទេ​។

ពិសេស​តាម​រយៈ​វីដេអូ​មួយ​​នៅ​លើ​ផេក​ PNN Drama Live ដក​ស្រង់​ចេញ​ពី​ក្នុង​សាច់​រឿង​ដែល​ក្មួយ​ស្រី​ សម្ដែង​ពី​អាការៈ​អន​់​ចិត្ត​ចំពោះ​ឪពុក​ម្ដាយ​​​បារម្ភ​ចំពោះ​តែ​បងប្អូន​ភ្លោះ​របស់​ខ្លួន ទាំង​ទឹក​មុខ​ខឹង ​អន់​ចិត្ត​ និង​ទឹក​ភ្នែក​​បញ្ជា​ឱ្យ​ហូរ​ដូច​ទឹក​បាក់ទំនប់​ រហូត​ធ្វើ​ឱ្យ​ឃ្លីប​ដែល​មាន​រយៈ​ពេល​ត្រឹម​ជាង​១​នាទី​នោះ​មាន​ចំនួន​ទស្សនា​ជាង​១​លានដង​។

យ៉ាង​ណា​​មិញ​វគ្គ​របស់​កុមារី​ សរពេជ្ញ​ ម៉ានីកា ដែល​សម្ដែង​ជា​តួអង្គ​កូន​ភ្លោះ​ នូ និង​ នុត​ ​ជា​តួ​អង្គ​វ័យ​ក្មេង​របស់​កញ្ញា​ ស៊ីន យូប៊ីន​បាន​អស់​ត្រឹម​ថ្ងៃ​ពុធទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០២១ ហើយ ព្រោះ​នៅ​ភាគក្រោយ​ៗ​មក​​ទៀត​តួ​អង្គ​ នូ​ និង​ នុត ធំ​ដឹង​ក្ដី​​គឺ​កញ្ញា​ យូប៊ីន។

កុមារី​ ម៉ានីកា​ ក៏​ផុស​សំណេរ​ថ្លែង​អំណរ​គុណ​ចំពោះ​ផលិតកម្ម PR និង​ PNN ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្មួយ​បាន​សម្ដែង​ក្នុង​​រឿង​ភាគ​ខាង​លើ​នេះ​។

«យប់នេះ នុតនិងនូ ធំហើយ 😁🙏🏻❤️ នុតនិងនូតូច សូមអរគុណស្ថានីយ៍ទូរទស្សន៍PNN ក៏ដូចជាផលិតកម្ម PR Production និងអរគុណបងៗពូមីងយាយតាទាំងអស់គ្នា សម្រាប់ក្តីស្រលាញ់ និងការគាំទ្រភាពយន្តខ្មែរ ❤️🙏🏻 សូមជូនពរបងៗពូមីងយាយតា មានសុខភាពល្អ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ❤️🥰»

គួរ​ដឹង​ដែរ​ថា​ការ​សម្ដែង​របស់​​កុមារី​ សរពេជ្ញ ម៉ានីកា​ ​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​ចូលតួ​​ ស្រលាញ់ អាណិត​ស្អប់​ទៅ​តាម​សាច់​រឿង​ដែល​ក្មួយ​សម្ដែង​ដូច​ជា​ ម៉ានីកា​ សម្ដែង​ជា​កុមារី​ នីរ័ត្ន​ ក្នុង​រឿង​ «អ្នក​ម៉ាក់​វ័យ​ក្មេង​វគ្គ​១&វគ្គ​២» មាន​អត្តចរិត​​ជា​ក្មេង​ឆ្លាត​គួរ​ឱ្យ​ស្រលាញ់​ ចំណែក​សម្ដែង​ជា​តួអង្គ​នូ​វិញ​ ជា​ក្មេង​កាច​ឆ្នាស់​គ្មាន​ហេតុ​ផល​ ខណៈ​សម្ដែង​តួ​អង្គ​​កុមារី​នុត​ ជា​ក្មេង​សុភាព​ស្លូត​បូត​តែ​ឈឺ​ច្រើន​​នៅ​ក្នុង​រឿង​«ព្រហ្ម​លិខិត​លម្អៀង​»៕​

Telegram-Troryorng
Share.