កំពង់ស្ពឺ ៖ បងប្អូនប្រជាពលរដ្ឋ អ្នកទិញផ្ទះ និងដីឡូត៍ របស់ក្រុមហ៊ុនម៉ន ដានី គម្រោងទី២៩ ស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ា ប្រមូលផ្តុំគ្នាទាមទាររកដំណោះស្រាយ សង់ផ្ទះ រកដីជូនពលរដ្ឋជាអ្នកទិញ រហូតដល់មានការបិទកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិខាងលើទៀតផង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

តាមបនរជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានទិញផ្ទះ ទិញដីឡូត៍របស់ក្រុមហ៊ុន អ្នកស្រីម៉ន ដានី នៅគម្រោងទី២៩ មកដល់ពេលនេះ ពលរដ្ឋខ្លះបង់លុយតាមគោលការណ៍ហើយ តែមិនមានផ្ទះ អ្នកខ្លះ បង់លុយហើយ តែអត់ទាន់មានដី ហើយក៏មានបង់លុយហើយ ផ្ទះអត់មានប្លង់ ពោលខាងក្រុមហ៊ុន មិនគោរពទៅតាមកិច្ចសន្យាជាមួយពលរដ្ឋ ហើយពុំបានដោះស្រាយជាមួយពលរដ្ឋទៀត ។

ពលរដ្ឋបន្តទៀតថា កន្លងមកពលរដ្ឋសុំឲ្យក្រុមហ៊ុនសវនកម្មឯករាជ្យ ចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារកិច្ចសន្យាលក់ទិញ ផ្ទះ ដី ជាមួយពលរដ្ឋ តែមកដល់ពេលនេះ ម្ចាស់ក្រុមហ៊ុនមិនចេញមុខដោះស្រាយ ឲ្យតែតំណាងចេញមុខមកនិយាយជាមួយពលរដ្ឋ ទើបនិយាយមិនចុះសម្រុងគ្នា ។

លុះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយសារគ្មានដំណោះស្រាយ ទើបពលរដ្ឋផ្ទុះការតវ៉ា រហូតដល់បិទកំណាត់ផ្លូវជាតិលេខ៣ អស់មួយរយៈពេលខ្លី ទើបបើកវិញ បន្ទាប់ពីអាជ្ញាធរ ខាងខេត្តកំពង់ស្ពឺ នុងខេត្តកណ្តាល ចុះទៅសម្របសម្រួល ។

តែបើខាងក្រុមហ៊ុនម៉ន ដានី វិញ បន្ទាប់ពីពលរដ្ឋតវ៉ាបែបនេះ គ្រាន់តែស្នើសុំបងប្អូន ដែលជាអតិថិជនទាំងអស់ សូមអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ មិនត្រូវចូលរួមធ្វើបាតុកម្មទេ គឺទុកពេលជូន ន.អ.ប ធ្វើការជាមួយភាគីពាក់ព័ន្ធ សម្របសម្រួល និងដោះស្រាយវិវាទរវាងម្ចាស់ដី និងក្រុមហ៊ុន ម៉ន ដានី ជូនបងប្អូន យ៉ាងយូរ មុនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

តែបើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា លោក ឃុនថាវង្ស ផងផាន់ និងភរិយា គឺលោកស្រី ម៉ន ដានី បន្ទាប់ពីមានពលរដ្ឋតវ៉ាច្រើន ទាំង២នាក់ប្តីប្រពន្ធ បានចេញទៅប្រទេសថៃបាត់ហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.