ក្លិបបាល់ទាត់អធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើចាស់វស្សា Luka Modric ចំនួន១រដូវកាលទៀត ពោលគឺឆ្នាំសម្រាប់រដូវកាល ២០២៣-២៤។

ក្រៅពីនេះ Real Madrid ក៏បានបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើ Toni Kroos ១ឆ្នាំបន្ថែមទៀតដូចគ្នា ព្រមទាំងបានទិញខ្សែបម្រើ Jude Bellingham ជនជាតិអង់គ្លេស ក្នុងតម្លៃ ១០៧លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល ៦ឆ្នាំ រហូតដល់ឆ្នាំ ២០២៩ ពីក្លិប Borussia Dortmund។

ខណ:នៅទឹកដីអារ៉ាប៊ីសាអូឌីត ក្លិបបាល់ទាត់ Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រកាសនាំអំពីការចុះហត្ថលេខានាំយកកីឡាករ Hakim Ziyech ពីតោខៀវ Chelsea ជាមួយកិច្ចសន្យាដល់ឆ្នាំ ២០២៦ ដោយទទួលថ្លៃនឿយហត់១ឆ្នាំ ១២លានដុល្លារ។

ដោយឡែកខ្សែការពារ Kalidou Koulibaly ក៏បានប្រកាសចាកចេញពី Chelsea ទៅចូលរួមជាមួយ Al Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ២៥លានអឺរ៉ូ កិច្ចសន្យាដល់ឆ្នាំ ២០២៦ ខណ:ថ្លៃនឿយហត់១ឆ្នាំ ៣០លានអឺរ៉ូ។

កីឡាករទី៣ របស់ Chelsea យល់ព្រមទៅទឹកដីអារ៉ាប៊ីសាអូឌីត នោះគឺខ្សែបម្រើជនជាតិបារាំង N’Golo Kante កិច្ចសន្យារយ:ពេល ២ឆ្នាំរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងថ្លៃនឿយហត់ ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករទី៤ របស់ Chelsea គឺអ្នកចាំទី Edouard Mendy ផ្លាស់ទៅកាន់ Al Ahli ក្នុងតម្លៃ ១៧លានផោន៕

Share.