អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសចាប់ដៃជាមួយក្លិបប្រដាល់គុនខ្មែរ របស់លោកគ្រូ អេ ភូថង ដែលកំពុងលំបាកខ្វះខាត ដោយប្តូរឈ្មោះថ្មីទៅជា «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប» ហើយអាចបង្កើតកម្មវិធី និងស្វែងរកម្ចាស់ឧបត្ថម្ភ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ក្លិបអេភូថងគុនខ្មែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការដូច្នេះថា៖«បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោកគ្រូហើយបច្ចុប្បន្នលោកគ្រូមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង។ ហើយគាត់បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ ក្រុមការងារ ថ្នាក់ដឹកនាំ Galaxy សម្រេចមិនឱ្យគាត់លក់ក្លិបនោះទេ។ គឺ Galaxy ទទួលការផ្ទេរក្លិបប្រដាល់គុនខ្មែររបស់លោកគ្រូអេភូថង មករួមរស់ជាមួយគ្នាដើម្បីបង្កើត កម្មវិធីប្រដាល់ និងស្វែងរក Sponsor ដើម្បីចិញ្ចឹមជីវភាព របស់ក្លិបគុនខ្មែរ។ដោយរក្សានៅអត្តសញ្ញាណកេរ្ម៍ឈ្មោះរបស់លោកគ្រូគឺកិ្លប (Galaxy Navatra)(អេភូថង គុនខ្មែរ)»។

លោកបន្តទៀតថា៖«ជូនដំណឹងទៅដល់សិស្សទាំងអស់ចង់ក្លាយជាអ្នកប្រដាល់ដែលមានបំណងចង់រៀនខ្ញុំផ្ដល់អាហារូបករណ៍ជូនដោយ មិនបាច់បង់ថ្លៃហាត់ ផ្ដល់កន្លែងស្នាក់នៅហូបចុក មួយចប់។តែត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបលោកគ្រូអេភូថងទទួល។សូមជម្រាបជូនក្រុមហ៊ុនដែលមានបំណងផ្សព្វផ្សាយផលិតផល តាមកម្មវិធីប្រដាល់ អាចទាក់ទងមកបានមុននិងមាន លក្ខខ័ណ្ឌពិសេសបំផុតជូន ដើម្បីក្លិបបានចំណូលចិញ្ចឹមជីវភាព ប្រដាល់គុនខ្មែរយើង🙏🙏🙏🙏»។

លោកគ្រូ អេ ភូថង បច្ចុប្បន្ន មានវ័យ៤៨ឆ្នាំ លោកកំពុងកាន់កាប់ក្លិបប្រដាល់គុនខ្មែរ «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប» និងមានកូន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់។ កូនប្រុសស្រីទាំង៤របស់លោក សុទ្ធសឹងមានឧបនិស្ស័យជាមួយគុនខ្មែរទាំងអស់ កីឡាការិនី អេ យ៉ានុត ជាកូនស្រីច្បង ដោយកូនប្រុសទី១ អេ វិរៈខាំឈីត (ហៅ ម៉ឺន មេឃា) និងកូនប្រុសទី២ អេ អាំម៉ារីន កំពុងឈរឈ្មោះជាកីឡាករគុនខ្មែរលំដាប់ A នៅកម្ពុជា និងជាកីឡាករជម្រើសជាតិវ៉ូវីណាមផងដែរ៕

Share.