នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាអំណោយ ដែលជានាវាចម្បាំងដំបូងគេបំផុត ដែលឥណ្ឌាបានផ្ដល់ឲ្យប្រទេសដទៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា នាវាចម្បាំង INS Kirpan ផលិតក្នុងស្រុកបានចាកចេញពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌាកាលពីថ្ងៃពុធ។

ប្រទេសឥណ្ឌា និង វៀតណាម បានពង្រឹងទំនាក់ទំនងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តោតជាពិសេសលើវិស័យការពារជាតិ ខណៈដែលប្រទេសទាំង២ សុទ្ធតែមានការព្រួយបារម្ភចំពោះប្រទេសចិនជុំវិញការកើនឡើងឥទ្ធិពលកាន់តែខ្លាំងឡើង។

ប៉ុន្តែការផ្ដល់អំណោយសម្រាប់វៀតណាមនេះ គឺជាលើកទី១ហើយ ដែលឥណ្ឌាបានផ្តល់នាវាចម្បាំងដល់អ្នកជិតខាងរបស់ប្រទេសចិន ដែលមានឆ្នេរសមុទ្រនៅសមុទ្រចិនខាងត្បូងដូចគ្នា ដែលប្រទេសជាច្រើនជាប់សមុទ្រចិនខាងត្បូងមានការទាមទារលើការកាន់កាប់តំបន់មួយនោះ។ ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើតំបន់សមុទ្រចិនខាងត្បូង ទាំងមូលអស់រយៈពេលជាច្រើនឆ្នាំ ហើយមានភាពរសើបចំពោះវត្តមានរបស់យោធាផ្សេងទៀតនៅក្នុងតំបន់នោះ។

កងទ័ពជើងទឹកឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្ដល់នាវាចម្បាំង Kirpan ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជួយបណ្ដាដៃគូដែលមានគំនិតដូចគ្នា ក្នុងការបង្កើន និង ពង្រឹងសមត្ថភាពរបស់ពួកគេ។ នេះ​ជា​ឱកាស​ដំបូង​ នៃ​ការ​ប្រគល់​នាវា​ចម្បាំង​ដែល​មាន​ប្រតិបត្តិការ​ពេញលេញ​ដោយ​ប្រទេស​ឥណ្ឌា​ដល់​ប្រទេសដទៃដែល​ជា​មិត្ត​»។

អំណោយនេះត្រូវបានប្រកាសនៅពេលរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ Phan Van Giang បំពេញទស្សនកិច្ចនៅឥណ្ឌាកាលពីដើមខែមិថុនានេះ។ នាវាចម្បាំងនេះត្រូវបានបញ្ចូលទៅក្នុងកងនាវាចរឥណ្ឌាក្នុងឆ្នាំ១៩៩១ ហើយត្រូវបានរចនា និងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។

កងទ័ពជើងទឹកបាននិយាយថា វាត្រូវបានបំពាក់ដោយកាំភ្លើងយន្ដរយៈចម្ងាយខ្លី និងរយៈចម្ងាយមធ្យម រួមជាមួយមីស៊ីលសម្រាប់បាញ់រកគោលដៅលើផ្ទៃដី ឬ ផ្ទៃទឹក គ្រាប់បាញ់ ប៉ុន្ដែពុំមានការបញ្ចាក់ច្បាស់ថា ការប្រគល់នាវាចម្បាំងឲ្យវៀតណាមនាពេលនេះ មានភ្ជាប់មីស៊ីលទៅជាមួយដែរឬអត់។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ បន្ទាប់ពីលោកបានជួបសមភាគីវៀតណាម។ ដូច្នេះគេមិនទាន់ដឹងទេថា ចិនមានប្រតិកម្ម ឬ មានការឆ្លើយតបយ៉ាងណាពេលដែលឥណ្ឌាផ្ដល់នាវាចម្បាំងឲ្យវៀតណាមនោះទេ។

សូមជម្រាបថា កាលពីកន្លងមក ប្រទេសឥណ្ឌា​ធ្លាប់បាន​ផ្តល់​នាវាល្បាតខ្នាតតូច និង​ សម្ភារៈ​យោធា​ដល់​ប្រទេសមួយចំនួន​ដូចជា៖ ​ម៉ាល់ឌីវ និង​ម៉ូរីស​ កាលពីកន្លងមក និង​បានផ្ដល់នាវាមុជទឹក​ ១គ្រឿង​ ដល់​មីយ៉ាន់ម៉ា៕

ប្រភព៖ Reuters

Share.