ភ្នំពេញ ៖ អាសូរណាស់ យុវជនម្នាក់បានបាត់ជីវិត ធ្វើឲ្យនារីម្នាក់ជាគូដណ្តឹង អង្គុយឱបទ្រហោរយំទាំងក្តីអាល័យ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម២គ្រឿងជិះបុកគ្នា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ចំណុចច្រកឡើងផ្លូវល្បឿនលឿន ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងករណីខាងលើមាន ឈ្មោះ សុះ រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូរថយន្ត នៅក្រុមហ៊ុនតេង ឡាយ នៅកន្លែងកើតហេតុ មានគូរដណ្តឹង ឈ្មោះ អុី សម្ភស្ប អាយុ១៧ឆ្នាំ មុខរបរ បម្រើការងារក្នុងក្រុមហ៊ុនជាមួយគ្នា ស្នាក់នៅក្នុងក្រុមហ៊ុន មានស្រុកកំណើតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

បើតាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះនិងគូដណ្តឹង ជាអ្នកស្រុកភូមិជាមួយគ្នា ក្រោយភ្ជាប់ពាក្យនឹងគ្នារួចហើយ អ្នកទាំង២ នាំគ្នាមកធ្វើការងារ នៅក្នុងក្រុមហ៊ុន គ្រាន់បានប្រាក់កម្រៃ សន្សំទុកសម្រាប់ពួកគេរៀបមង្គលការ ទើបមកធ្វើការ ស្នាក់នៅបានជាង១ខែ អនិច្ចារ្យ សង្ខា ជិតដល់ថ្ងៃចូលរោងការទៅហើយ បែជាភាគីខាងប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ធ្វើឲ្យនាងជាគូដណ្តឹង អង្គុយបតជើងឱបសពស្រែកទ្រហោរយំ ដង្ហោយហៅដាស់ បុរសអនាគតស្វាមីយ៉ាងក្តី គាត់បានផុតរលត់បាត់ជីវិតទៅហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ កាន់តែសែនខ្លោចចិត្ត អាណិតពួកគេទាំង២នាក់ មិនគួរណាជួបហើយសង្ឃឹមថាជាប្តីប្រពន្ធ បែជាក្តីស្រម៉ៃរលាយអស់ ដោយសារជួបគ្រោះអកុសលយ៉ាងនេះទៅវិញ ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ សុះ រី ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ពោធិសាត់ 1H-4919 ជិះចេញពីក្រុមហ៊ុនទៅរកទិញទឹកកក លុះទិញបានហើយជិះឆ្លងផ្លូវពីកើតទៅលិច មកវិញ ស្រាប់តែ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ព្រៃវែង 1W-1410 ជិះពីត្បូងទៅជើងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះរបួសធ្ងន់ម្នាក់ ក្រោយហេតុត្រូវបានរថយន្តគ្លីនិកឯកជនរស្មី ដឹកយកទៅ ចំណែកសាកសពជនរងគ្រោះម្នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើឯកសាររួចប្រគល់ជួនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.