កណ្តាល ៖ បុរសចំណាស់ម្នាក់ជួបគ្រោះអកុសល រន្ទះបាញ់ដាច់ផ្ងារស្លាប់ភ្លាមៗនៅក្នុងវាលស្រែ ដែលកំពុងដកសំណាប ។ ហេតុការណ៍ខាងលើកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវាលស្រែ ស្ថិតនៅក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ សុខ ស៉ីម ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចេញទៅវាលស្រែដកសំណាប ហើយខណៈដែលកំពុងតែដកសំណាប មេឃធ្លាក់ភ្លៀង ផ្គរ ងើបទៅផ្ទះមិនទាន់ផង រន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុក្រុមគ្រួសារ បងប្អូននាំគ្នាលើកសែងវិលមកផ្ទះ រាយការណ៍ប្រាប់សមត្ថកិច្ច ពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់ដោយគ្រោះធម្មជាតិ ហើយប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.