កាល​ពី​ពេល​ថ្មីៗ​នេះ មាន​លេច​លឺ​ដំណឹង​ថា ក្លិបនៅលីគកំពូលកម្ពុជា ដែល​ជា​សមាជិក​ពានរង្វាន់ Cambodian Premier League កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​នាំ​យក​​កីឡាករ​ជម្រើសជាតិឡាវ ២នាក់ ​ដើម្បី​មក​ចូល​រួម​ជា​មួយ​ក្លិប ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០២៣-២៤ ខាង​មុខ។ ​

បើតាម​​ប្រភព​មក​ពី​មន្រ្តី​​១រូប​របស់​សហព័ន្ធកីឡា​បាល់​ទាត់​ឡាវ បាន​​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង នៅ​ដើម​សប្ដាហ៍​នេះ​ថា​កីឡាករ​ជម្រើស​ជាតិ​ឡាវ ​ដែល​សមាជិក​លីគ​កំពូល​កម្ពុជា កំពុង​តាម​ប្រមាញ់​នោះ​មាន Bounpthachan Bounkong និង​ Chony Wenpaserth។

សម្រាប់​កីឡាករ Bounpthachan Bounkong បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិប YOUNG ELEPHANTS FC ក្នុង​លីគ​កំពូល​ឡាវ បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន ១៣លើក ក្នុង​រដូវកាល​ឆ្នាំ​២០២៣ នេះ ដោយ​ជួយ​ក្រុម​ឈ្នះ​បាន ១១លើក និង​រក​គ្រាប់​បាល់​បាន ១៦គ្រាប់។ កីឡាករ​វ័យ​​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៨មក ព្រម​ទាំង​បាន​គ្រាប់​បាល់​៤គ្រាប់​ផង​ដែរ។

ចំណែក​កីឡាករ​ទី២​នោះ​គឺ​​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២០ឆ្នាំ Chony Wenpaserth ដោយ​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិប EZRA FC ក្នុង​លីគ​កំពូល​ឡាវ។ រដូវកាល​នេះ រូប​គេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន ១២លើក ជួយ​ក្រុម​ឈ្នះ​បាន ៥លើក និង​រក​គ្រាប់​បាល់​បាន ៩គ្រាប់។

Chony ត្រូវ​បាន​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កោះហៅ​ចូលក្រុម​ឈុត​ធំ​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២១ កន្លង​ទៅ​ ដោយ​គិត​ត្រឹមពេល​នេះ​បង្ហាញ​ខ្លួន​បាន​​១៣លើក​ផង​ដែរ។

សូម​រំលឹកថា យោង​តាម​កំណែទម្រង់ថ្មីរបស់ ក្រុមហ៊ុន Cambodian Premier League ដើម្បី​ជំរុញ​ការ​ប្រកួត​ឲ្យ​កាន់តែទាក់ទាញ បានអនុញ្ញាតឲ្យក្លិបនីមួយៗ ប្រើប្រាស់កីឡាករបរទេសរហូតដល់ ៦នាក់ ដោយក្នុង​ចំណោម​ ៦នាក់ នោះ​ដាច់​ខាត​ត្រូវ​មាន​​១នាក់​​ជា​កីឡាករ​ក្នុង​ទ្វីបអាស៊ី និង​​ម្នាក់​ទៀត​ជា​ពលរដ្ឋ​​ក្នុង​តំបន់​អាស៊ាន។

ដោយ​ឡែកគិត​ត្រឹម​ថ្ងៃ​នេះ សម្រាប់​​កីឡាករកូតា​អាស៊ាន ដែល​បាន​ចូល​រួម​ជា​ក្លិប​លីគ​កំពូល​កម្ពុជា​មានចំនួន ៤នាក់ ដូច​ខាង​ក្រោម៖

១. ខ្សែបម្រើ Jhon Frith សញ្ជាតិ ទីម័រខាងកើត របស់ ISI Dangkor Senchey
២. ខ្សែប្រយុទ្ធ Zenivio សញ្ជាតិ ទីម័រខាងកើត របស់ Kirivong Sok Sen Chey
៣. ខ្សែបម្រើប្រយុទ្ធ Thiha Zaw សញ្ជាតិ មីយ៉ាន់ម៉ា របស់ ព្រៃវែង
៤. ខ្សែប្រយុទ្ធ Mouzinho សញ្ជាតិ ទីម័រខាងកើត របស់ វិសាខា

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ថ្មី នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ ដែល​មាន​សមាជិក​ចំនួន​១០ក្រុមចូលរួម មានភ្នំពេញក្រោន ,វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណា​ហ្គាវើលដ៏, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ និង ២ក្រុមទើប ឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និងក្រុមព្រៃវែងអេហ្វស៊ី៕

នេះ​ជាកាលវិភាគ​ប្រកួត​ក្របខណ្ឌលីគកំពូលកម្ពុជា សម្រាប់​សប្ដាហ៍ទី១៖

Share.