ប្រធានបទស្ដីពីភ្លៀងធំលិចភ្នំពេញ មិនទាន់ស្រាកស្រាន្តដូចទឹកស្រកនៅឡើយទេ។ ធម្មតា សង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមុខជាមិនអាចទុកមុខឱ្យមន្រ្តី និងអ្នកដឹកនាំឡើយ ប្រសិនបើគាត់ឃើញពីចណុចខ្វះខាត។ ប៉ុន្តែការរិះគន់មានទាំងការរិះគន់ស្ថាបនា មានទាំងការរិះគន់បែបឌឺដង។ ការរិះគន់ស្ថាបនាត្រូវបានលើកទឹកចិត្ត ប៉ុន្តែការរិះគន់បែបឌឺដង វាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់សង្គមនោះទេ វាថែមទាំងធ្វើឱ្យអ្នករិះគន់នោះត្រូវអាប់យសទាំងខ្លួនឯងទៀតផង ពីព្រោះដើម្បីបញ្ចេញអារម្មណ៍ខឹងស្អប់ អ្នករិះគន់ទាំងនោះបានរំលងការពិតមួយចំនួន។

យើងគួរទទួលស្គាល់ការពិតមួយចំនួនជុំវិញបញ្ហាភ្លៀងធំជន់លិចរាជធានីភ្នំពេញដូចខាងក្រោម៖

ទីមួយ-ជាសត្យានុម័ត ភ្លៀងខ្លាំងមុខជានាំឱ្យមានការលិចលង់។ បញ្ហានេះស្រុកណា ប្រទេសណាក៏ដូច្នេះដែរទោះជាភ្នំពេញមិនលុបបឹង ក៏ទឹកនឹងគង់តែហូរហៀជន់ចេញពីបឹងដោយចៀសមិនផុត ពិសេសក្នុងករណីមានភ្លៀងធំកម្រិត១៥៣មីលីម៉ែត្រដូចរសៀលថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៣។

ទីពីរ-កំណើនប្រជាជន និងសំណង់។ បញ្ហានេះ យើងគ្រប់គ្នាបានដឹង និងឃើញផ្ទាល់ភ្នែក។ ភ្នំពេញដែលពីដំបូងឡើយ ស្គាល់តែកំណើនប្រជាជន បានក្លាយជាដែនដីរដ្ឋបាលពិសេសមួយដែលមានសន្ទុះនៃកំណើនសំណង់គ្រប់ប្រភេទ ទាំងបុរី ខុនដូ ផ្ទះល្វែង និងសំណង់សាធារណៈ។

ទីបី-ប្រព័ន្ធរំដោះទឹកដើរយឺតជាងការអភិវឌ្ឍផ្សេងទៀត។ ចំណុចនេះ យើងគួរញែកដាច់រវាងចំណុចខ្វះខាតរបស់អាជ្ញាធរសាធារណៈ និងម្ចាស់សំណង់នានា។ ជារួមរាជរដ្ឋាភិបាល បានចំណាយថវិកាជាតិ និងធនធានពីម្ចាស់ជំនួយដើម្បីរៀបចំប្រព័ន្ធរំដោះទឹកបានច្រើន និងសកម្មដែរ ប៉ុន្តែភាគច្រើនរីកចម្រើនតែតំបន់ស្នូលមួយចំនួននៅកណ្ដាលរាជធានីភ្នំពេញ។ តំបន់ក្បែរស្នូល ឬជាយរាជធានីភ្នំពេញ គឺនៅខ្វះខាតច្រើន។

ចំណែកម្ចាស់សំណង់ ជាពិសេសបុរី ផ្ទះល្វែងជាដើម ភាគច្រើនបានសាងសង់នៅអតីតដីតំបន់ទំនាបៗ ហើយប្រើខ្សាច់ចាក់ដើម្បីដំណើរការការដ្ឋាន។ ទីបំផុតក៏ខ្សាច់នោះ ឬពេលខ្លះដីចាក់តំបន់នោះក៏បានហូរចូលស្ទើតែពេញលូ សូម្បីតែទឹកជ្រាបចូលក៏សឹងតែមិនបាន។ ម្ចាស់បូរីខ្លះ មិនទាំងបានដឹងផងថាលូក្នុងបុរីរបស់ខ្លួនទាបជាងប្រព័ន្ធលូមេ ឬហូរទៅហូរមកតែក្នុងបុរីខ្លួនឯងហ្នឹង។

ទីបួន-ឥរិយាបទពលរដ្ឋ។ ពលរដ្ឋភាគច្រើនក្នុងរាជធានីភ្នំពេញ ពិសេសពលរដ្ឋនៅតំបន់ក្បែរតំបន់ស្នូល និងជាយរាជធានីភ្នំពេញ នៅតែមិនទាន់មានទម្លាប់ទុកដាក់សំរាមឱ្យបានល្អ និងថែទាំលូឱ្យបានល្អនៅឡើយ។ បើពួកគាត់យកចិត្តទុកដាក់ គឺយកចិត្តទុកដាក់តែមុខផ្ទះខ្លួន ត្រង់នៅលើដងផ្លូវ ឬដីឡូតិ៍ទំនេរក្បែរនោះ គាត់មិនខ្វល់ ហើយថែមទាំងយកសំរាមទៅចោលទៀតផង។ ទីបំផុតពេលមានភ្លៀងធំក៏ហូរនាំសំរាមទាំងនោះចាក់ចូលលូស្ទះមុខទឹកលិចទាំងអស់គ្នា។

ទី៥-ភាពជាអ្នកដឹកនាំ។ រាជរដ្ឋាភិបាលមានធនធានមនុស្សច្រើនណាស់! បើនិយាយពីវិស័យសាធារណការ រដ្ឋមានមន្រ្តីទទួលការបណ្ដុះបណ្ដាល និងមានបទពិសោធពីក្នុង និងក្រៅប្រទេសច្រើន។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាន់មុខតំណែងនេះយូរមកហើយដែរ។ រាជរដ្ឋាភិបាលគួរប្ដូរគាត់ដើម្បីដាក់មនុស្សថ្មី។ មនុស្សថ្មីប្រាកដជាចង់កសាងគុណសម្បត្តិ ហើយការណ៍នេះ រាជរដ្ឋាភិបាលមានពិសោធស្រាប់។ ជាក់ស្ដែង ពេលប្ដូរលោក ត្រាំ អ៊ីវតឹក ដាក់លោក ស៊ុន ចាន់ថុល បានធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូន រីកចម្រើនស៊ីវិល័យច្រើនណាស់។

នេះជាទស្សនៈខ្ញុំក្នុងនាមជានិស្សិតប៉ុណ្ណោះ ខ្ញុំសង្ឃឹមថានឹងបានរួមចំណែកដោះស្រាយបញ្ហាបានខ្លះ ប្រសើរជាងការរិះគន់បែបឌឺដងដាក់គ្នា។ សូមអរគុណ

Share.