ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយស្រវឹងស្រាដកកាំភ្លើងបាញ់លើមេឃ បង្កឲ្យភ្ញាក់ផ្អើល ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ហើយតាមឃាត់ខ្លួនបាននៅមុខផ្ទះសំណាក់ភី អេ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនជាតិចិនសមត្ថកិច្ចឃាត់ខ្លួនបាន
ឈ្មោះ LIU XIANRUI ភេទប្រុស អាយុ៤២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ T015742927 ដកហូតបានអាវុធខ្លីមួយដើម ម៉ាកK54 គ្រាប់ចំនួន២៤គ្រាប់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនខាងលើ បន្ទាប់ពីផឹកសុីនៅហាងមួយកន្លែងនៅបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ស្រវឹងស្រា ដកកាំភ្លើងដើរបាញ់សេរីតាមផ្លូវ ហើយគេចទៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្អើលអស់សមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅអន្តរាគមន៍ ឡោមព័ទ្ធ ចាប់ខ្លួនបាន ដកហូតបានអាវុធខ្លី និងគ្រាប់ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសជនជាតិចិនខាងលើ កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានបាញ់សត្វឆ្កែប្រជាពលរដ្ឋ បណ្តាលឲ្យងាប់មួយក្បាល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ម្តងហើយ លើកនេះបាញ់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។

ជនជាតិចិនខាងលើក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.