កីឡាការិនី ឈិត សាភឿន សមាជិក​ក្រុម​ជម្រើសជាតិ​នារី អាយុក្រោម១៩ឆ្នាំ កម្ពុជា នឹង​ជា​ម្ចាស់​គ្រាប់​បាល់​ទាំង ២គ្រាប់ ដែល​ជួយ​ឲ្យ​កម្ពុជា​ឈ្នះឡាវ ក្នុង​លទ្ធផល ២-១ កាល​ពី​ថ្ងៃទី០៥ កក្កដា ប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023។

កីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង បាន​រង​របួស​បាក់​ឆ្អឹង​ស្លាប​ប្រជៀវ​ស្មា​ខាង​ឆ្វេង ក្រោយ​ស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យ​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម​១៩ឆ្នាំ​ទទួល​ជ័យ​ជំនះ​លើក្រុមជម្រើសជាតិនារីឡាវកាលពីម្សិលមិញ ក្រោយពីបានវះកាត់ទទួលបានជោគជ័យ ពេល​នេះរូបនាងកំពុងសម្រាកព្យាបាលរបួស។

ជ័យ​ជម្នះ​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ឈ្នះ ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ១៩​ឆ្នាំ ឡាវ ក្នុង​លទ្ធផល ២-១ រក​បាន​ដោយ​កីឡាការិនី ឈិត សាភឿន បន្ទាប់​ពី​ឡាវ​បាន​បើក​ការនាំមុខមុន នៅនាទី៣’ ខណៈកម្ពុជា វាយបកសងមកវិញបាននៅនាទី២១’ រហូតដល់វគ្គទី២ ​បន្ថែម​គ្រាប់​ជ័យ​ជម្នះបាន​សម្រេច​នៅ​នាទី៦២’ មុន​ពេល​បញ្ចប់​ការ​ប្រកួត។

ភារកិច្ចបន្ទាប់​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ជម្រុះក្នុងពូល៖

  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រ ឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang

គួរបញ្ជាកក់ថា ​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ក្នុងការប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​រៀប​ចំធ្វើជាម្ចាស់​ផ្ទះ ​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី០៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

Share.