ការបង្កើតឲ្យមានកម្មវិធីចាប់ឆ្នោតផ្សេងៗសំណាងក៏ដូចជាដាក់រង្វាន់នៅក្នុងផលិតផលជាពិសេសភេសជ្ជៈកំពុងនានា បានក្លាយទៅជារឿងសាមញ្ញទៅហើយនៅក្នុងសង្វៀនប្រកួត ប្រជែងទីផ្សារលក់ផលិតផលនៅក្នុងប្រទេសកម្ពុជា។

តាមរយៈមធ្យោបាយនេះ ម៉ាកយីហោផលិតផលចាស់ថ្មីជាពិសេសស្រាបៀរ និងប្រភេទ ភេសជ្ជៈដែលគេ អះអាង ថា ជាប្រភេទប៉ូវកម្លាំងនោះ បាននិងកំពុងទទួលបានចំណាប់ អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទូទៅជាពិសេសអតិថិជនគោលដៅរបស់ខ្លួន បើទោះបីជាអ្នកជំនាញផ្នែកសុខភាពខ្លះធ្លាប់បានព្រមានអំពី ឥទ្ធិពលអាវិជ្ជមានក៏ដូចជា ផល ប៉ះពាល់ដែលបង្កឡើងដោយប្រភេទភេសជ្ជៈកំប៉ុងមួយចំនួនក្តី។

អ្វីដែលកាន់តែធ្វើឲ្យក្រុមអតិថិជនគោលដៅរបស់ខ្លួនកាន់តែរំជើបរំជួល រំភើបញាប់ញ័រ ថែមទៀតនោះ គឺគេបានរៀបចំកម្មវិធីឲ្យអតិថិជនបានបង្ហាញមុខនិងឈ្មោះជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ក៏ដូចជាវេទិកាប្រគុំតន្ត្រីនានាថែមទៀត។ តើនរណាមិនរំភើប មិនត្រេកអរ បើបានរង្វាន់ហើយថែមទាំងបានចេញមុខអួតអ្នកស្រុកទាំងឆ្ងាយជិត ថែមទៀតនោះ?

ក្នុងនាមជាពលរដ្ឋមួយរូបរស់នៅក្នុងបរិបទនៃសង្គមដែលពោរពេញទៅដោយការប្រកួត ប្រជែងនិងការអួតអាងខាងផ្នែកសម្ភារៈនិយមនេះ ខ្ញុំពិតជាមិនសូវភ្ញាក់ផ្អើលប៉ុន្មានទេ នៅពេលដែលឃើញមហាជនទូទៅចេញមុខឡើងលើវេទិកាទទួលរង្វាន់ពីក្រុមហ៊ុន ផលិតផលដែលខ្លួនបានជ្រើសរើសប្រើប្រាស់នោះ ។ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំហួសចិត្តបំផុត នោះគឺព្រះសង្ឃនិមន្តឡើងលើវេទិកាទទួលរង្វាន់ទឹកប្រាក់១០លានរៀលពីក្រុមហ៊ុនភេសជ្ជៈនិងផ្តល់បទសម្ភាស បង្ហាញព្រះនាមតាមកញ្ចក់ទូរទស្សន៍នៅក្នុងកម្មវិធីប្រកួតប្រដាល់មួយដែលត្រូវបានរៀបចំ ផ្សាយផ្ទាល់ទាំងតាមរយៈកញ្ចក់ទូរទស្សន៍និងបណ្តាញសង្គមទៅជុំវិញពិភពលោក។

ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់អំពីច្បាប់វិន័យនៅក្នុងពុទ្ធសាសនាពិសេស វិន័យសម្រាប់ សង្ឃ ប៉ុន្តែក្នុងនាមជាពុទ្ធសាសនិកមួយរូប ខ្ញុំពិតជាមិនគាំទ្រឲ្យសង្ឃបង្ហាញវត្តមាន នៅក្នុង កម្មវិធីចាប់រង្វាន់ផលិតផលផ្សេងៗ រួមទាំងភេសជ្ជៈនោះឡើយ។ នៅពេលដែលខ្ញុំលើកឡើងបែបនេះប្រហែលជាមាន សំណួរត្រឡប់មកវិញថា ចុះបើ ព្រះសង្ឃ ប្រើប្រាស់ផលិផលឬក៏ឆាន់ភេសជ្ជៈណាមួយហើយ ត្រូវរង្វាន់នោះគួរធ្វើ បែបណាវិញ? សម្រាប់ជាគំនិតរបស់ខ្ញុំ បើសិនជារឿងបែបនេះកើតឡើងមែននោះ គឺសូមឲ្យបុគ្គលណាម្នាក់ដែលលោកមានទំនុកចិត្តទៅបើកជំនួសទៅចុះ មិនគួរនិមន្ត ទៅដោយព្រះអង្គឯងនោះឡើយ៕

Share.